(ភ្នំពេញ)៖ លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តាមរយៈ Facebook របស់លោក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហោះសារពន្យល់ករណីក្រុមហ៊ុន KrisEnergy ដែលប្រកាសក្ស័យធន និងពន្យល់ពីនីតិវិធីបន្តនៃគម្រោងកិច្ចព្រមព្រៀងប្រេងកាតនៅប្លុក A រវាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលកម្ពុជា។
លោកថ្លែងថា សំណើទៅតុលាការ ដើម្បីធ្វើការរំលាយ និងលក់ទ្រព្យសងបំណុលរបស់ក្រុមហ៊ុន KrisEnergy ដែលជាក្រុមមេរបស់ក្រុមហ៊ុន KrisEnergy Cambodia បានធ្វើឲ្យប្រតិបត្តិការប្រេងកាតនៅប្លុក A របស់កម្ពុជា ជួបបញ្ហាប្រឈម និងត្រូវផ្អាកគម្រោងផែនការធំៗមួយចំនួន។
លោករដ្ឋលេខាធិការបានពន្យល់ទាំងស្រុងថា៖
ក្រុមហ៊ុន KrisEnergy នៅសឹង្ហបុរី ជាក្រុមហ៊ុនប្រេងកាតរបស់ប្រទេសសឹង្ហបុរី ដែលប្រកបធុរកិច្ចក្នុងវិស័យប្រេងកាត នៅក្នុងតំបន់។ ក្រុមហ៊ុននេះ មានធុរកិច្ចខាងអាជីវកម្មប្រេងកាត នៅប្រទេសមួយចំនួន ដូចជា បង់ក្លាដេស ឥណ្ឌូនេស៊ី ថៃ វៀតណាម និងថ្មីៗនេះនៅកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ KrisEnergy Cambodia។
ក្រុមហ៊ុន KrisEnergy បានចាប់ផ្តើមជួបវិបត្តិហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ ២០១៨ មក ហើយបានចាប់ផ្តើមលក់សិទ្ធិសម្បទានប្លុកប្រេងកាត ដែលមាននៅប្រទេសផ្សេងៗមួយចំនួន ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ខ្លួន ប៉ុន្តែវិបត្តិកាន់តែធ្ងន់ឡើង រហូតដល់អំឡុងឆ្នាំ២០១៩ ដោយប្រឈមនឹងការតឹងទារបំណុលពីម្ចាស់បំណុល ក្រុមហ៊ុនក៏បានដាក់បណ្តឹងសុំការការពារពីតុលាការនៅសឹង្ហបុរី ដើម្បីបញ្ជៀសការប្រកាសក្ស័យធន និងរំលាយក្រុមហ៊ុន លើកដំបូងនៅដើមឆ្នាំ ២០១៩។
ក្រោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះការបន្តដំណើរការអភិវឌ្ឍន៍សាងសង់អណ្តូងប្រេង និងសំណើរកែប្រែផែនការអណ្តូងប្រេងមកកម្រិតខ្នាតតូចវិញ (បន្ថយពី២០អណ្តូងមកធ្វើតែ៥អណ្តូងវិញ) ដើម្បីសាកល្បងជាបឋមមួយជំហានសិន ហើយស្របតាមស្ថានភាពលំបាក ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផង និងស្ថានភាពនៃកូវីដ១៩ផង ក្រុមហ៊ុនក៏បានយកការរំពឹងទុករបស់ខ្លួន លើផលរបស់គម្រោងផលិតកម្មប្រេងនៅប្លុក A របស់កម្ពុជា ទៅធ្វើជាអំណៈអំណាងពីលទ្ធភាព អាចកែវិបត្តិហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ និងបង្កើតជំនឿចិត្តដល់ម្ចាស់បំណុលធំៗ ដើម្បីឲ្យផ្តល់ឱកាសបន្ថែម ក្នុងការពិនិត្យលទ្ធភាពប្រែក្លាយបំណុល ឲ្យទៅជាការដាក់ទុនចូលក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនវិញ។
ផ្អែកលើអំណៈអំណាងខាងលើ ក្រុមហ៊ុន KrisEnergy ត្រូវបានតុលាការសម្រេចផ្តល់ការការពារ ពីការប្រកាសក្ស័យធនភ្លាមៗ ហើយមានលទ្ធភាពរកហិរញ្ញប្បទានបន្ថែមខ្លះៗ មកអភិវឌ្ឍន៍អណ្តូងប្រេងសាកល្បងដំបូងរបស់កម្ពុជា ដើម្បីបញ្ជាក់ដល់ម្ចាស់បំណុល ពីលទ្ធភាពស្តារឡើងវិញ នូវស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងលទ្ធភាពដែលម្ចាស់បំណុល អាចនឹងបង្វែរប្រាក់បំណុលទាំងឡាយ ឲ្យមកជាការដាក់ទុនចូលភាគហ៊ុនក្នុងក្រុមហ៊ុនវិញ។
ក្រោយការផលិតចេញ បានដំណក់ប្រេងដំបូងរបស់កម្ពុជា ដោយជោគជ័យ នៅចុងឆ្នាំ២០២០ លទ្ធផលនៃកម្រិតបរិមាណផលិតកម្មប្រេងពីអណ្តូងប្រេងសាកល្បងនេះ មិនមានកម្រិតដូចអ្វីដែលក្រុមហ៊ុន KrisEnergy បានរំពឹងទុកថា អាចយកជាមូលដ្ឋានស្តារឡើងវិញ នូវស្ថានភាពហិរញ្ញវត្ថុដែលខាតពីមុនមក និងផ្តល់ជំនឿដល់ម្ចាស់បំណុលថា អាចប្រែក្លាយបំណុលឲ្យទៅជាការចូលភាគហ៊ុនបាន ។ ដូច្នេះកត្តានេះបានបង្ខំឲ្យក្រុមហ៊ុន អស់ជម្រើស ហើយត្រូវដាក់ពាក្យស្នើសុំតុលាការ ដើម្បីប្រកាសលក់ទ្រព្យសម្បត្តិក្រុមហ៊ុនដែលមានទាំងអស់ យកមកចាត់ចែងសងបំណុល។
ក្រោយការដាក់ពាក្យស្នើសុំតុលាការរំលាយក្រុមហ៊ុន និងចាត់ចែងលក់ទ្រព្យសម្បត្តិ ដើម្បីសងបំណុល ប្រសិនបើគ្មានការប្រែប្រួលណាមួយទេនោះ តុលាការនឹងសម្រេចតែងតាំងភ្នាក់ងារវាយតម្លៃ ព្រមទាំងចាត់ចែងការលក់ទ្រព្យសម្បត្តិក្រុមហ៊ុននេះ សងម្ចាស់បំណុលនានា ដែលក្រុមហ៊ុនមានកន្លងមក ដើម្បីជំរះបិទបំណុលទាំងអស់នោះ។
ក្រោយការអនុវត្តនិតិវិធីតុលាការនេះរួចហើយ ក្រុមហ៊ុន KrisEnergy នឹងត្រូវរំលាយ ហើយម្ចាស់បំណុលនឹងទទួលបានសិទ្ធិចាត់ចែងលើទ្រព្យរបស់ក្រុមហ៊ុន KrisEnergy ដែលមានទាំងអស់ រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia និងសិទ្ធិសម្បទានប្រេងកាតនៅប្លុក A នៅកម្ពុជា។ នៅពេលនោះម្ចាស់បំណុលអាចចាត់ចែងបន្ត ឬរកដៃគូរមកចាត់ចែងបន្តលើទ្រព្យទាំងនោះ ផ្អែកលើកិច្ចព្រមព្រៀងប្រេងកាត និងច្បាប់របស់កម្ពុជា ចំពោះករណីប្លុកប្រេងកាតនៅកម្ពុជា។
ជាបន្តម្ចាស់បំណុលដែលទទួលបានសិទ្ធិចាត់ចែងលើក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia នឹងត្រូវមកពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីរកការឯកភាពគ្នាមួយ ក្នុងការបន្តអនុវត្តគម្រោងកិច្ចព្រមព្រៀងប្រេងកាតនៅប្លុក A នេះ យ៉ាងណាទៅមុខទៀត។
នៅក្នុងដំណាក់កាលរង់ចាំ ការចាត់ចែងរបស់តុលាការ និងការចរចាររវាងភាគីម្ចាស់បំណុល ដែលទទួលបានសិទ្ធិបន្តជាមួយរដ្ឋាភិបាលកម្ពុជា ប្រតិបត្តិការប្រេងកាតនៅប្លុក A នៅកម្ពុជា នឹងត្រូវជួបបញ្ហាប្រឈម ដោយសារក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia បានបាត់បង់ការផ្តល់ទុនហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ប្រតិបត្តិការប្រេងកាតធំៗ និងគម្រោងអភិវឌ្ឍជាជំហានបន្ត ដែលបានគ្រោងទុក នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រង់ចាំដំណោះស្រាយឯកភាពគ្នាណាមួយ រវាងរដ្ឋាភិបាល និងម្ចាស់បំណុល ដែលទទួលបានសិទ្ធិបន្តពីតុលាការ។
លោករដ្ឋលេខាធិការបន្តថា ផលិតកម្មដែលមានសព្វថ្ងៃ ជាផលិតកម្មដែលផលិតចេញពីអណ្តូងសាកល្បងចំនួន៥អណ្តូង នៅតំបន់ផលិតកម្មតូចមួយនៃប្លុក A ទាំងមូលប៉ុណ្ណោះ មិនមែនប្លុក A ទាំងមូលទេ។ តំបន់នេះមានផ្ទៃក្រឡាសរុបចំនួនប្រហែល ១១០គីឡូម៉ែត្រការ៉េ ចំណែកប្លុក A ទាំងមូល មានផ្ទៃក្រឡាសរុបប្រមាណ ៣.០០០គីឡូម៉ែត្រការ៉េ ។
ដោយសារការចាប់ផ្តើមផលិតកម្មសាកល្បងដំបូងនេះ ប្លុក A ត្រូវបានប្រែក្លាយជាប្លុកប្រេងកាត ដែលមានការបញ្ជាក់ច្បាស់លាស់ ពីលទ្ធភាពផលិតប្រេងរបស់ខ្លួន ដូចគ្នានឹងប្លុកប្រេងកាតមួយចំនួនទៀត នៅក្នុងតំបន់នេះ ផ្ទុយគ្នានឹស្ថានភាពពីមុន ដែលកម្ពុជាត្រូវបានគេចាត់ទុកថា ជាតំបន់ថ្មីស្រឡាង ដែលមានកម្រិតហានិភ័យខ្ពស់៕