(សៀមរាប)៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា នេះ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយលោកអភិបាលរងខេត្ត ពិន ប្រាកដ បានចុះអនុវត្តការផាកពិន័យអាជីវករក្នុងផ្សារលើធំថ្មី ដែលមិនបានពាក់ម៉ាស់ត្រឹមត្រូវ។
លោក ពិន ប្រាកដ បានបញ្ជាក់ថា នៅក្នុងផ្សារលើធំថ្មីនេះ មានអាជីវករ និងអតិថិជនដែលចេញចូលផ្សារនេះ ប្រមាណ៩៥% បានពាក់ម៉ាស់ទៅតាមការវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែនៅមានលរដ្ឋប្រមាណ៥% មិនបានពាក់ម៉ាស់ និងពាក់ម៉ាស់ដែរតែមិនត្រឹមត្រូវ ។
លោកអភិបាលរងខេត្តបញ្ជាក់ថា មុននឹងចុះធ្វើការផាកពិន័យនេះ អាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករ និងពលរដ្ឋមួយចំនួនតូចមិនអនុវត្ដតាមសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលនោះទេ ទើបពេលនេះអាជ្ញាធរខេត្ត បានចុះអនុវត្ដទៅតាមផ្លូវច្បាប់។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា «នេះជាលើកទី១ សម្រាប់ការចុះផាកពិន័យ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ ហើយអាជ្ញាធរនឹងធ្វើការផាកពិន័យបន្ដទៀត ទៅលើអ្នកមិនអនុវត្ដតាមច្បាប់ ក៏ដូចជាតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលផងដែរ»។
លោក ពិន ប្រាកដ បានអំពាវនាវប្រជាពលរដេ្ឋទាំងអស់ ត្រូវអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការ «៣ការពារ និង៣កុំ» ឲ្យបានគ្រប់ៗគ្នា ខណៈដែលខេត្ដសៀមរាប មួយរយៈចុងក្រោយនេះមានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ បានកើតមានច្រើនជាបន្ដបន្ទាប់។
សូមបញ្ជាក់ថា យោងតាមអនុក្រិត្យ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស់ តាមមាត្រា១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យពី ២០ ម៉ឺនរៀល ទៅ ១លានរៀល ប្រសិនបើបុគ្គលនោះមិនធ្វើតាមការព្រមានលើកទី១។
ចំណែកអ្នករៀបចំកម្មវិធីអ្វីមួយដែលមិនគោរពទៅតាមគោលការណ៍គម្លាតសង្គមត្រូវរងការផាកពិន័យពី ១លាន ទៅ៥លានរៀល ក្នុងករណីមិនធ្វើតាមការព្រមានលើកទី១។
គិតត្រឹមថ្ងៃទី៨ ខែមិថុនា ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៤៩នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន៩០នាក់ ស្លាប់២នាក់ និង១៥៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕