(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួង ដោយមានការចូលរួមពីរដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មាន ១០ស្ថាប័នទៅទស្សនា និងស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ រយៈពេល២ ថ្ងៃគឺថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
ដំណើរទស្សនកិច្ចសិក្សាលោក នេត្រ ភក្ត្រា បានថ្លែងថា ធ្វើឡើងដើម្បីបង្ហាញពីសក្តានុពលនៃធនធានធម្មជាតិ និងសត្វព្រៃកម្ពុជាក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការដៃគូនិងសហគមន៍តំបន់ការពារធម្មជាតិដែលបាននិងកំពុងរួមសហការគ្នាការពារនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃនានា។ នៅក្នុងអំឡុងនៃដំណើរទស្សនកិច្ចនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាននឹងជួបសំណេះសំណាលពិភាក្សាការងារលើការពង្រឹងការងារគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ ព្រមទាំងចុះពិនិត្យការងារល្បាត និងនៅតាមដែនជម្រកសត្វព្រៃមួយចំនួន។
ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក នេត្រ ភក្ត្រា នឹងជួបជាមួយអង្គការដៃគូរបស់ក្រសួងបរិស្ថាន គឺអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS) ដែលកំពុងធ្វើកិច្ចសហប្រតិបត្តិការចូលរួមក្នុងកិច្ចការងារអភិរក្សនៅក្នុងតំបន់ការពារធម្មជាតិចំនួន៤ នៅលើដីនៃខេត្តព្រះវិហារ រួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មានផ្ទៃដីសរុប ចំនួន ៥៤៦.១២៩,៤១ហិកតា។ តំបន់ការពារធម្មជាតិទាំង៤ គាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានជិត១០.០០០គ្រួសារ និងមានសត្វព្រៃ រងការគំរាមកំហែងជាសកលជាង ៣០ប្រភេទ ដូចជាដំរីអាស៊ី និងសត្វស្លាបជិតផុតពូជបំផុត៥ប្រភេទមាន៖ ត្មាតផេះ ត្មាតត្នោត ត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំកសជាដើម។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏នឹងចូលរួមបើកកម្មវិធីជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ និងស្វែងយល់ពីកម្មវិធីស្រូវត្រយងដែលអនុវត្តដោយអង្គការ WCS ព្រមទាំងតួនាទី សមិទ្ធផលដែលអង្គការដៃគូបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅខេត្តព្រះវិហារ។ រដ្ឋលេខាធិការក្រសួងបរិស្ថានជឿជាក់ថាតាមរយៈដំណើរទស្សនកិច្ច និងការចូលរួមផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ និងកិច្ចការដែលរាជរដ្ឋាភិបាល និងដៃគូបានធ្វើក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិនៅពេលនេះ នឹងរួមចំណែកបន្ថែមទៀតលើការយល់ដឹងរបស់ពលរដ្ឋអំពីសារៈប្រយោជន៍នៃធនធានធម្មជាតិ និងបានជ្រាបពីជីវភាពរបស់នៅរបស់ប្រជាសហគមន៍ តំបន់ការពារធម្មជាតិ ព្រមទាំងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិកាន់តែខ្លាំង និងចូលរួមអភិរក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕