(ប៉ៃលិន)៖ រមណីយដ្ឋានភ្នំដំបង ត្រូវបានភ្លើងព្រៃឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង នាំគ្នាជួយពន្លត់ទាន់ពេល នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មុនពេលកើតហេតុ គេឃើញប្រជាពលរដ្ឋម្នាក់បានដុតព្រៃក្នុងចំការខ្លួន ដោយមិនបានធ្វើផ្លូវទប់ការឆ្លង ដើម្បីកុំឲ្យឆេះរាលដាល ដល់អ្នកដទៃឡើយ។ មួយសន្ទុះក្រោយមកស្រាប់តែភ្លើងដែលពលរដ្ឋដុតនោះ បានឆាបឆេះយ៉ាងខ្លាំង ឆេះឆ្លងរាលដាលដល់ ព្រៃជើងភ្នំ របស់រមណីយដ្ឋានភ្នំដំបង ឆេះអស់ចំនួន០២ខ្យុស។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ពេលដែលភ្លើងកំពុងឆាបឆេះនេះដែរ គេឃើញប្រជាការពារភូមិ និងប្រជាពលរដ្ឋមកជួយពន្លត់ ទាន់ពេលវេលាកុំអីត្រូវភ្លើងឆេះអស់តែម្តង។ លោក ជួប វុទ្ធី អ្នកគ្រប់គ្រងរមណីយដ្ឋានធម្មជាតិភ្នំដំបង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះថា នៅពេលកើតហេតុ គាត់បានឃើញពលរដ្ឋម្នាក់ដុតព្រៃ ក្នុងចំការក្បែររមណីយដ្ឋានរបស់គាត់ ដោយមិនបានប្រាប់ឲ្យគាត់ដឹងជាមុននោះទេ មួយសន្ទុះស្រាប់តែ គាត់ឃើញភ្លើងឆេះរាលដាល តាមកំទេចកំទីក្បែរកន្លែងរបស់គាត់ដោយឆេះ ស្លឹកឫស្សី ព្រោះព្រំប្រទល់ដីដាំដើមឫស្សីព័ទ្ធជុំវិញ ពេលនោះកុំតែបានក្រុមប្រជាការពារភូមិ មកជួយពន្លត់កុំអីត្រូវភ្លើងឆេះទាំងអស់ ហើយរមណីយដ្ឋានធម្មជាតិភ្នំដំបង មានខ្យុសចំនួន៣៨ ចំណែកការឆេះ គឺអស់ចំនួនពីរខ្យុសផងដែរ។
បើតាមសេចក្តីរាយការណ៍ថា សមត្ថកិច្ចពាក់ព័ន្ធបានចុះទៅត្រួតពិនិត្យហើយ ព្រមទាំងនាំខ្លួនពលរដ្ឋដែលបង្កការដុតនេះ មកសាកសួរ និងអប់រំ ហើយលោកក៏បានផ្តាំផ្ញើដល់ពលរដ្ឋថា មុននឹងធ្វើអ្វីមួយដូចជាក្នុងករណីនេះ សូមប្រាប់អ្នកជិតខាង ឲ្យដឹងផង៕
សូមផ្តាំផ្ញើដល់ពលរដ្ឋថា ខែនេះជារដូវរាំងស្ងួត ដូច្នោះសូមឲ្យពលរដ្ឋមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការដុតព្រៃនេះ ៕