(កណ្តាល)៖ លោក ហឿន វណ្ណារិទ្ធ អនុប្រធានពន្ធនាគារខេត្តកណ្តាល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញលិខិតបកស្រាយក្រោយមានការផ្សាយបំភ្លៃថា គាត់និងមិត្តភក្តិច្រៀងលេងសប្បាយអឺងកង ក្នុងពន្ធនាគារ ខណៈកំពុងផ្ទុះកូវីដជំងឺកូវីដ១៩។
យោងតាមលិខិតលោក ហឿន វណ្ណារិទ្ធ ផ្ញើទៅប្រធានពន្ធនាគារខេត្តកណ្តាល បានបញ្ជាក់ថា គាត់និងមិត្តភក្តិ មិនបានផឹកស៉ី និងច្រៀងលេងសប្បាយអំឡុងពេលផ្ទុះជំងឺកូវីដ១៩ នោះទេ ពោលរូបភាពដែលមាននៅលើបណ្តាញសង្គម Facebook គឺជារូបភាពចាស់។
អនុប្រធានពន្ធនាគារខេត្តកណ្តាលបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អត្ថបទចេញផ្សាយអំពីខ្ញុំបាទ របស់សារព័ត៌មាន (...) ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២១ មានខ្លឹមសារបំផ្លើសមួលបង្កាច់ខ្ញុំបាទទាំងខ្លឹមសារ និងរូបភាពដោយគំនិតព្យាយាមសន្សំរូបភាពតាំងពីយូរបន្តបន្ទាប់នៅក្រៅពន្ធនាគារខ្លះនៅក្នុងពន្ធនាគារខ្លះ មកតំរៀបភ្ជាប់ជាមួយរូប ចុងក្រោយក្នុងពន្ធនាគារពេលដែលពន្ធនាគារជាតំបន់ក្រហម ដើម្បីបកស្រាយឲ្យរូបខ្ញុំក្លាយជាជនប្រព្រឹត្តល្មើសបទបញ្ជារបស់អង្គភាព ក្រសួង និងរាជរដ្ឋាភិបាលអំពីការជួបជុំហូបគ្រឿងស្រវឹង»។
លោក ហឿន វណ្ណារិទ្ធ បន្តថា ប៉ុន្មានឆ្នាំក្រោយនេះ ពិសេសក្រោយមានប្រពន្ធមានកូន មិនអាចហូបគ្រឿងស្រវឹងបានទេ បើយូរៗម្តងជួបមិត្តភក្រីក៏បានត្រឹមបន្តិចបន្តួច ក៏ឈប់ហើយ បារី ក៏ឈប់ដែរ។ លោកបានសម្តែងក្តីសោកស្តាយ ដែលសារព័ត៌មានខាងលើផ្សាយមូលបង្កាច់បង្ខូចគាត់បែបនេះ៕