(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា-វៀតណាម បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិ និងប្រជាជនទាំងពីរ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ជាមួយលោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសពិសេសអាស៊ាន-ចិន នៅប្រទេសចិន នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដើម្បីផ្លាស់ប្ដូរទស្សនៈ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលជាប្រយោជន៍រួម ជាពិសេសការរៀបចំប្រារព្ធខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០២២ ខាងមុខ។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស, ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលត្រូវបានពង្រីកនៅក្នុងវិស័យជាច្រើនរួមមាន ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល ការអប់រំ ទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ ដែលត្រូវបានកសាងឡើង តាមរយៈមូលដ្ឋានទំនុកចិត្តដ៏រឹងមាំ ការយោគយល់គ្នា សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្ដែងនូវការកោតសរសើរយ៉ាងខ្ពស់ចំពោះការផ្ដល់ជំនួយ និងការឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្ដែងការពេញចិត្តចំពោះកំណើនគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ទោះបីជួបប្រទះនូវបញ្ហាប្រឈមដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ក៏ដូចជាកិច្ចប្រតិបត្តិការនៅច្រកព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តាន់ណាម កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដោយអាជ្ញាធរខេត្តព្រៃវែងរបស់កម្ពុជា និងអាជ្ញាធរខេត្តតៃនិញរបស់វៀតណាម ដែលនឹងជួយសម្រួលពាណិជ្ជកម្មឆ្លងដែន និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

«រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិ និងប្រជាជនទាំងពីរ»។ នេះបើតាមការអះអាងក្នុងសេចក្តីប្រកាស។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាព ដើម្បីរៀបចំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដោយមានការចូលរួមផ្ទាល់ និងកិច្ចប្រជុំលើកទី៧ នៃកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានទទួលការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ពីសំណាក់ឯកឧត្តម ប៊ូយ ថាញ់សឺន ក្នុងពេលវេលាសមស្របផងដែរ។ លោកក៏បានអញ្ជើញសមភាគីវៀតណាមមកធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងទស្សនកិច្ចផ្លូវការមកកាន់កម្ពុជាផងដែរ៕