(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំការការប្រឡងវគ្គសិក្សា NBC-FSI Connect លើកទី៣៦ និងមានបេក្ខជនចូលរួមប្រឡងចំនួន៧៦រូប។
ការប្រឡងវគ្គសិក្សា NBC-FSI Connect លើកទី៣៦នេះបានរៀបចំឡេីងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ក្រោមការចូលរួមពីលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
វគ្គសិក្សា NBC-FSI Connect គឺជាវគ្គបណ្តុះបណ្តាលមួយតាមប្រព័ន្ធអនឡាញរបស់វិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិនៃធនាគារសម្រាប់ការទូទាត់អន្តរជាតិហៅកាត់ថា(BIS)ដែលជាផ្នែកនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សក្នុងផ្នែកត្រួតពិនិត្យធនាគារ។
វគ្គនេះបានរៀបចំជាការផ្តួចផ្តើមរៀបចំឡើងក្នុងឆ្នាំ២០១៥ ដោយលោក ជា ចាត់តូ សម្រាប់បណ្ដុះបណ្ដាលមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងធ្វើឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារ ដើម្បីឆ្លើយតបទៅតាមការ ប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិ និងសម័យកាលរីកចម្រើននៃប្រព័ន្ធធនាគារនាពេលបច្ចុប្បន្ន។
តាមការបញ្ជាក់ ពីមន្ត្រីទទួលបន្ទុកបណ្ដុះបណ្ដាលរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ន មានមន្ត្រី-បុគ្គលិធនាគារជាតិនៃកម្ពុជាចំនួន ៣០៣រូបហើយ បានចូលរួមវគ្គសិក្សា NBC-FSI Connect តាមរយ:ការប្រឡងជាផ្លូវការចំនួន ៣៥ លើកកន្លងមកនេះ។
តាមការ វាយតម្លៃក្នុងវគ្គនីមួយៗមន្រ្តី បុគ្គលិកជាសិក្ខាកាមបានខិតខំសិក្សាយ៉ាងសកម្ម ហើយក្នុងសប្តាហ៍ទី២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះមានបេក្ខជនចំនួន ៧៦ រូប បានដាក់ពាក្យសុំប្រឡងផ្លូវការចំពោះមុខគណៈកម្មការគ្រប់គ្រងប្រឡង រួមមានកម្រិតខ្ពស់ចំនួន១៩រូប កម្រិតមធ្យមចំនួន៣០រូប និងកម្រិតបឋមចំនួន២៧រូប។
សម្រាប់ការប្រឡងលើកទី៣៦អ្វីដែលជាកត់សម្គាល់នោះគណៈកម្មការគ្រប់គ្រងការប្រឡង បានរៀបចំបានបែងចែកបេក្ខជនទាំង៧៦រូបដែលបានចូលរួម ប្រឡងជា២វេន ដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គមតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារកូវីដ១៩ក្នុងនោះសម្រាប់ការប្រឡងពេលព្រឹកមាន៤០រូប និងពេលរសៀល៣៦ រូប ៕