(ព្យុងយ៉ាង)៖ មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកនឹងធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរ និងការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនេះ ទៅលើគ្រាប់រ៉ុក្កែតប្រភេទផ្សេងៗគ្នា នៅក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ដកស្រង់ចេញពី សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០១៦។
ការលើកឡើងរបស់មេដឹកនាំជំនាន់ទីបី របស់កូរ៉េខាងជើង ខាងលើនេះត្រូវបានគេដឹងថា ជាចេតនាមួយបង្ហាញពី សមត្ថភាពនៃការផលិតអាវុធប្រល័យលោក ដែលវាកំពុងឈានចូលដល់តំណាក់កាលដ៏ខ្លាំងក្លាមួយ គឺទីក្រុងព្យុងយ៉ាង អាចប្រើប្រាស់នុយក្លេអ៊ែរ ធ្វើជាក្បាលគ្រាប់បំពាក់លើគ្រាប់មីស៊ីលរំលងទ្វីបបាន។
លោក គីម ជុងអ៊ុន បានលើកឡើងទៀតថា កូរ៉េខាងជើង បានឈានចូលដល់យុគសម័យថ្មី ដែលជាដំណើរល្អបំផុត នៅក្នុងការផលិតក្បាលគ្រាប់នុយក្លេអ៊ែរបំពាក់លើគ្រាប់រ៉ុក្កែត ប្រកបដោយបច្ចេកវិទ្យាខ្ពស់បំផុត។ វាការពង្រីក សមត្ថភាពការពារជាតិរបស់កូរ៉េខាងជើង និង ជាឧស្សាហកម្មមួយដែលអាចនាំឲ្យកូរ៉េខាងជើង កាន់តែទទួល ទណ្ឌកម្មខ្លាំងឡើងពីអន្តរជាតិផងដែរ៕