(កំពត)៖ រដ្ឋបាលខេត្តកំពត បានចេញលិខិត បំភ្លឺករណីស្លាប់អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដោយបញ្ជាក់ថា អាជ្ញាធរចាត់ចែងបូជាសពបានត្រឹមត្រូវ តាមព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល។ នេះបើតាមលខិតបំភ្លឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។
រដ្ឋបាលខេត្តកំពត បញ្ជាក់ថា «ពាក់ព័ន្ធការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ក្នុងខេត្តកំពត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរស្រុកកំពង់ត្រាច បានចាត់ចែងរៀបចំមេន សម្រាប់បូជាសពបានត្រឹមត្រូវតាមព្រះពុទ្ធសាសនា និងវិធានការសុខាភិបាលនៅទីកន្លែងឆ្ងាយពីប្រជាពលរដ្ឋ ដោយមិនបានទុកសាកសពប្លុងចោល ដូចសារព័ត៌មានមួយចំនួនចុះផ្សាយខុសពីការពិតឡើយ»។
ការចេញមកពីបញ្ជាក់របស់រដ្ឋបាលខេត្តកំពតខាងលើនេះ គឺដើម្បីឆ្លើយតបជាមួយការផ្សព្វផ្សាយតាមបណ្តាញសង្គមថា អ្នកស្លាប់ដោយសារជំងឺកូវីដ ត្រូវបានក្រុមគ្រូពេទ្យយកទៅបោះចោលកណ្តាលវាល ដោយមិនមានការបូជាត្រឹមត្រូវ៕