(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៨ ខែមិថុនា នេះ ប្រកាសស្វែងរក និងបង្ហាញអត្តសញ្ញាណបុគ្គលសង្ស័យវិជ្ជមានជំងឺកូវីដ១៩ម្នាក់ ដែលមិនព្រមសហការក្នុងការឱ្យអាជ្ញាធរយកសំណាក និងបានគេចខ្លួនបាត់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា បុគ្គលខាងលើមានឈ្មោះ វ៉ាន់ វាសនា អាយុ២៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិល្វា ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
បុរសរូបនេះ ជាបុគ្គលមានទំនាក់ទំនងផ្ទាល់ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ១៩ នៅភោជនីយដ្ឋានពិភពធម្មជាតិ។ សមត្ថកិច្ច បានចុះមកដល់អាសយដ្ឋានបណ្តោះអាសន្នរបស់បុគ្គលនេះ នៅបន្ទប់ជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប(ក្រោយសណ្ឋាគារអង្គរអេរ៉ា) តែបុគ្គលនេះ មិនបានសហការ និងបានរត់គេចខ្លួនបាត់។
រដ្ឋបាលខេត្ត អំពាវនាវដល់លោក វ៉ាន់ វាសនា ត្រូវរួសរាន់សហការជាមួយសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តស្រាវជ្រាវជំងឺកូវីដ-១៩ កុំបីខាន។
រដ្ឋបាលខេត្តក៏ប្រកាសដល់ពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយ លោក វ៉ាន់ វាសនា ត្រូវរួសរាន់ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងតាមដានសុខភាព ក្នុងករណីសង្ស័យ ឬមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្ត បានព្រមានថា បុគ្គលទាំងឡាយណាមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក ឬគេចវេច មិនសហការជាមួយសមត្ថកិច្ចក្នុងការយកសំណាក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕