(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រាសនានានៅរាជធានីភ្នំពេញ ឲ្យម្ចាស់រោងចក្រទាំងនោះ ធ្វើបញ្ជីស្នាក់នៅរបស់កម្មករកម្មការិនីឲ្យបានច្បាស់លាស់ ងាយគ្រប់គ្រងទៅលើកម្មករ និងដើម្បីឈានទៅកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវី១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលនៅឡើយនោះ។
ការស្នើឡើងបែបនេះរបស់លោក ឃួង ស្រេង ធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយ នាល្ងាចថ្ងៃទី៨ ខែមិថុនានេះ ជាមួយក្រសួងការងារ ក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា ក្នុងរយៈពេលមួយខែចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ១៩ ឃើញថា មិនមានការថមថយនៅឡើយទេ ហើយអ្នកដែលមានវិជ្ជមានកូវីដ១៩ ក្នុងរយៈពេលចុងក្រោយនេះដែរ ភាគច្រើន ជាបងប្អូនកម្មករ-កម្មការិនី ដែលបម្រើនៅតាមបណ្តាលរោងចក្រនានានៅក្នុងរាជធានីភ្នំពេញ។
ដូច្នេះលោកស្នើសុំទៅក្រសួងការងារ ឱ្យចេញជាសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រាស នៅក្នុងរាជធានីភ្នំពេញ ធ្វើជាបញ្ជីស្នាក់នៅរបស់កម្មករឲ្យបានច្បាស់លាស់ ដើម្បីអាចគ្រប់គ្រងកម្មករទាំងនោះបាន និងឈានទៅដល់ការកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
បន្ថែមពីនេះទៀត លោក ឃួង ស្រេង បានជំរុញ និងណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវត្រៀមលក្ខណៈដើម្បីចូលរួមសហការ និងធ្វើការងារនេះព្រមៗគ្នាជាមួយក្រសួងការងារ មានន័យថា ពេលដែលសេចក្តីជូនដំណឹង របស់ក្រសួងការងារចេញ អាជ្ញាធរខណ្ឌទាំងអស់ត្រូវសហការចុះផ្ទាល់ជាមួយនឹងក្រសួងការងារ ដើម្បីយើងអាចធ្វើការងារនេះបានលឿននិងមានប្រសិទ្ធភាព ជាមួយម្ចាស់រោងចក្រ។
លោក ឃួង ស្រេង បញ្ជាក់ថា ចំពោះការងារនេះត្រូវតែធ្វើឡើងដោយលម្អិត មានទាំងលិខិតប័ត្ររបស់កម្មករ ឈ្មោះ ទីកន្លែងស្នាក់នៅច្បាស់លាស់ ដោយភ្ជាប់មកជាមួយនឹងរូបថត៤គុណនឹង ៦ផងដែរ មានន័យថា មានបញ្ហាយើងអាចឈានទៅកាត់ផ្តាច់ឬសគល់នៃជម្ងឺកូវីដ-១៩នេះបាន។
ជាមួយគ្នានោះដែរ លោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ មានវិធានការបន្ថែមទៀត ទៅលើការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩ ឲ្យមានប្រសិទ្ធភាព ដើម្បីយើងឈានទៅកាត់ផ្ដាច់ឲ្យបាន នៅពេលឆាប់ៗនេះ៕