(ឆុងឈីង)៖ ក្នុងអំឡុងពេលនៃទស្សនកិច្ចការងារនៅទីក្រុងឆុងឈីង ប្រទេសចិន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា នៅចុងបញ្ចប់នៃជំនួបនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរ ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ មានដូចខាងក្រោម៖
១៖ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និង បច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន។
២៖ គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា និងក្រសួងវប្បធម៌ចិន៕