(ភ្នំពេញ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើសមាគមពាណិជ្ជកម្មហ្វូជានរបស់ចិន ជួញជំរុញអ្នកវិនិយោគ ក៏ដូចជាអ្នកទេសចរចិនចូលមកកម្ពុជា គ្រាដែលកម្ពុជាគ្រោងបើកស្វាគមន៍អ្នកទេសចរចិននៅត្រីមាសទី៤ ក្នុងឆ្នាំ២០២១នេះ។
សំណើរបស់លោកបណ្ឌិត សុខ សុក្រឹត្យា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងពេលជួបពិភាក្សាការងារជាមួយលោក ឈិន វិនស៊ឹង (Chen Wensheng) អនុប្រធានសមាគមពាណិជ្ជកម្មហ្វូជាន នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានក្រុមហ៊ុនដឹកជញ្ជូន «ឆាងហឺ» ប្រចាំនៅកម្ពុជា។
ក្នុងជំនួបនេះនោះ លោក សុក្រឹត្យា បានគូសរំលេចថា កម្ពុជាគ្រោងបើកទទួលស្វាគមន៍អ្នកទេសចរចិននៅត្រីមាសទី៤ ឆ្នាំ២០២១នេះ សម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ តាមរយៈកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩។
លោកបណ្ឌិត បានស្នើលោក ឈិន វិនស៊ឹង បន្តជួយជំរុញវិនិយោគិនចិន ឱ្យមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ដោយផ្តោតជាពិសេសនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ព្រោះជាគោលដៅដែលមានសក្តានុពលទេសចរណ៍ខ្ពស់។
ឆ្លើយតបសំណើនេះ លោក ឈិន វិនស៊ឹង បានសន្យាថា នឹងខិតខំជំរុញអ្នកវិនិយោគ និងទេសចរចិន ឱ្យមកវិនិយោគក្នុងវិស័យទេសចរណ៍ វិស័យអប់រំ និងវិស័យសំខាន់ៗផ្សេងទៀតនៅកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។ លោកក៏បានអះអាងដែរថា ក្រុមហ៊ុនលោកមានគម្រោងពង្រីកការវិនិយោគទៅលើសេវាកម្មដឹកជញ្ជូនទេសចរណ៍រវាងកម្ពុជា-ចិន នាពេលខាងមុខ និងបានលើកសំណើក្នុងការផ្តល់កិច្ចសហការគាំំទ្រពីក្រសួងទេសចរណ៍លើគម្រោងនេះផងដែរ។
ក្នុងជំនួបនាព្រឹកមិញនេះ លោកបណ្ឌិត សុខ សុក្រឹត្យា បានលើកឡើងអំពីចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ដែលមានជាប្រវត្តិសាស្រ្តតាំងពីយូរលង់ ហើយចំណងមិត្តភាពនេះនៅតែបន្តចាក់ឬសយ៉ាងរឹងមាំរហូតមកទល់បច្ចុប្បន្ន។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅតែបន្តគោលជំហរយ៉ាងរឹងមាំគាំំទ្រគោលនយោបាយចិនតែមួយ និងប្តេជ្ញាបន្តថែរក្សារក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ទាំងសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត។ ចំណងមិត្តភាពសាមគ្គីភាព សុខសន្តិភាព និងមិត្តភាពរវាងប្រទេសទាំងពីរនឹងកាន់តែផ្អែមល្ហែម និងរឹងមាំថែមទៀត។
លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានសម្តែងការកោរសរសើរ និងវាយតម្លៃខ្ពស់ចំពោះមហាមិត្តចិន ដែលបានជួយផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កម្ពុជាបន្តបន្ទាប់ ព្រមទាំងផ្តល់សម្ភារ បរិក្ខាពេទ្យ និងបញ្ជូនក្រុមគ្រូពេទ្យជំនាញព្យាបាលកូវីដ-១៩ មកជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជាបានទាន់ ពេលវេលា ស្របតាមសុភាសិតខ្មែរមួយឃ្លាពោលថា «ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។
លោក ឈិន វិនស៊ឹង (Chen Wensheng) ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សានូវសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ។
សូមបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាល បានអនុម័តដាក់ឱ្យអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការ ស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ (២០២០-២០២៥) ដោយផ្តោតចក្ខុវិស័យក្នុងការកែទម្រង់វិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងនិរន្តរភាព ដោយយកមកវិញនូវចំនួនទេសចរចិនចំនួន ២លាននាក់ ក្នុងឆ្នាំ២០២៣៕