(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងជាង២៖០០រសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ បានសម្រេចកាត់ទោសយុវជន គង់ រ៉ៃយ៉ា និស្សិតសាកលវិទ្យាល័យខេមរៈ ឱ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ដោយគ្មានការព្យួរទោស ឬពិន័យប្រាក់ ចំពោះការអំពាវនាវ ដោយប្រមូលគ្នាធ្វើបដិវត្តពណ៌ នៅលើបណ្តាញទំនាក់ទំនង Facebook កាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់ពី លោក សំ សុខគង់ មេធាវីការពារក្តីឱ្យជនជាប់ចោទ។
យុវជន គង់ រ៉ៃយ៉ា ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ក្រោមការចោទប្រ កាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពីរូបគេ បានបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយអំពាវនាវធ្វើបដិវត្តពណ៌។ មុនការចាប់ខ្លួន, យុវជននេះបានអំពាវនាវថា «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»។
លោក សំ សុខគង់ មេធាវីការពារក្តីឱ្យ គង់ រ៉ៃយ៉ា បានប្រាប់ Fresh News បន្ទាប់ពីចូលរួមស្តាប់ការប្រកាសសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះថា តុលាការហាក់បីដូចជាដាក់ទោសកម្រិតអតិបរមានៃបទល្មើស ទៅដល់កូនក្តីរបស់លោក ដោយសារតែបទល្មើសនេះ ប្រឈមនឹងការជាប់ពន្ធនាគារ ពី៦ខែដល់២ឆ្នាំប៉ុណ្ណោះ។
លោកថា «យើងឃើញថា ការដាក់ទោស១ឆ្នាំ៦ខែនេះ មានលក្ខណៈធ្ងន់ធ្ងរ បើប្រៀបធៀបជាមួយជនជាប់ចោទដទៃទៀត យើងឃើញមានការបន្ធូបន្ថយ ប៉ុន្តែបើមើលលើការកាត់ទោស គង់ រ៉ៃយ៉ានេះ យើងឃើញថាមានកម្រិតអតិបរមាទៅហើយ ព្រោះក្នុងរឿងហ្នឹងបើច្បាប់កំណត់គឺពី៦ខែដល់២ឆ្នាំ»។
ទោះជាយ៉ាងណា លោកមេធាវីរូបនេះ បញ្ជាក់ថា លោកនឹងពិភាក្សាជាមួយកូនក្តីរបស់លោក នៅសប្តាហ៍ក្រោយ ដើម្បីសម្រេចថាតើត្រូវប្តឹងជំទាស់ ទៅសាលាឧទ្ធរណ៍បន្តទៀត ឬយ៉ាងណា។
កាលពីម្សិលមិញ និងព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ មិត្តរួមថ្នាក់របស់ គង់ រ៉ៃយ៉ា មន្រ្តីសង្គមស៊ីវិល រួមទាំងអ្នកនយោបាយមួយចំនួន បានអំពាវនាវ និងស្នើដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឱ្យមានការបន្ធូបន្ថយ និងលើកលែងទោសដល់យុវជន គង់ រ៉ៃយ៉ា ដែលបានជាប់ពន្ធនាគារជាង៦ខែមកនេះ។
ក្រុមមិត្តរួមថ្នាក់របស់ រ៉ៃយ៉ា បានលើកឡើងអំពីអំពើល្អរបស់ជនជាប់ចោទ ក្នុងការប្រាស្រ័យទាក់ទងនឹងមិត្តរួមថ្នាក់ ក៏ដូចជា អ្នកនៅជុំវិញ ហើយការពារដល់រ៉ៃយ៉ាថា មិនមានចេតនាក្នុងការធ្វើបដិវត្តន៍ពណ៌ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជានោះទេ៕