(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ទទួលបានឈុតឧបករណ៍ PPE, គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ពីស្ថានទូតថៃប្រចាំកម្ពុជា និងវិស័យឯកជនថៃ ដើម្បីផ្ដល់ជូនដល់ពលករកម្ពុជា ដែលចំណាកស្រុក ហើយត្រូវបំពេញកាតព្វកិច្ចធ្វើចត្តាឡីស័ក។

ពិធីនេះ មានការចូលរួមពីលោក ជិរ៉ាវុឍិ សុវណ្ណអាត អគ្គរាជទូតទីប្រឹក្សា និងជាអនុព័ន្ធពាណិជ្ជកម្ម អមដំណើរដោយមន្ត្រីរាជការ នៃស្ថានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ជាតំណាងនៃស្ថានទូតថៃ និងនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ប្រចាំកម្ពុជា។

ក្នុងនោះ ក៏សហការជាមួយវិស័យឯកជនថៃ នៅកម្ពុជា រួមមាន៖ ក្រុមហ៊ុន CP Cambodia Co., Ltd., CP ALL (Cambodia) Co., Ltd., PTT OR (Cambodia) Limited, Makro Cambodia, Envicare Water Co., Ltd.., JWD Asia Logistics (Cambodia) Co., Ltd. និង Kubota Leasing (Cambodia) PLC។

សម្ភារដែលបរិច្ចាគ នៅក្នុងកម្មវិធីសប្បុរសធម៌នេះ គិតជាទឹកប្រាក់មានចំនួនជាង៦,០០០ដុល្លារ។

សកម្មភាពរបស់ស្ថានទូត និងវិស័យឯកជនថៃនៅកម្ពុជា ខាងលើនេះ ក្នុងគោលបំណងជួយគាំទ្រ និងបន្ធូបន្ថយបន្ទុក របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការមើលថែទាំ ពលករចំណាកស្រុកកម្ពុជាជាច្រើននាក់ ដែលវិលត្រលប់មកពីប្រទេសថៃ នៅក្នុងកំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩។

លើសពីនោះទៀត ដើម្បីជាការជួយសម្រួលបន្ទុក របស់ពលករចំណាកស្រុកកម្ពុជាដោយផ្ទាល់ ដែលភាគីថៃចាត់ទុកថា ជាចំណែកមួយដ៏សំខាន់ នៅក្នុងការជំរុញ សកម្មភាពសេដ្ឋកិច្ចកម្ពុជា-ថៃ ដោយនៅក្នុងអំឡុងខែមីនា ឆ្នាំ២០២១នេះ។

ហេតុដូច្នេះ ស្ថានទូត និងវិស័យឯកជនថៃនៅកម្ពុជា បានរួមគ្នាបរិច្ចាគ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ជូនដល់ពលករចំណាកស្រុកកម្ពុជា ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌល ក្នុងខេត្តឧត្តរមានជ័យ៕