(ភ្នំពេញ)៖ គណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣០ តាមរយៈប្រព័ន្ធវីដេអូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
កិច្ចប្រជុំនេះដឹកនាំដោយ លោក REY LEONARDO B. GUERRERO អគ្គនាយកនៃរដ្ឋបាលគយហ្វីលីពីន ដោយមានការចូលរួមពីគណៈប្រតិភូគយ នៃប្រទេសសមាជិកអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំបានចាប់ផ្តើម ការពិភាក្សាក្រៅផ្លូវការ ក្នុងគោលបំណងស្វាគមន៍អគ្គនាយកថ្មី មកពីប្រទេសឥណ្ឌូនេស៊ី និងថៃផងដែរ។
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣០ នឹងកត់សម្គាល់លើវឌ្ឍនភាពការងារសំខាន់ៗមួយចំនួន រួមមាន៖
១៖ ការអនុវត្តដោយជោគជ័យ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍនគយ (SPCD) ឆ្នាំ២០១៦-២០២០
២៖ វឌ្ឍនភាពការងារក្នុងរយៈពេល៥ខែដំបូង ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ ២០២១-២០២៥
៣៖ ជំរុញសមាជិករៀបចំបញ្ចប់តារាងពន្ធគយអាស៊ាន AHTN ២០២២ និងអាចដាក់អនុវត្តនៅខែមករា ឆ្នាំ២០២២
៤៖ ការអនុវត្តប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ACTS) ដែលចូលរួមពីសមាជិកចំនួន០៦ ប្រទេសរួមមាន៖កម្ពុជា, ឡាវ, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ និងវៀតណាម
៥៖ វឌ្ឍនភាពនៃការរៀបចំកម្មវិធីប្រតិបត្តិករ ទទួលបានការអនុញ្ញាត (AEO) របស់សមាជិក និងរៀបចំការទទួលស្គាល់គ្នាទៅវិញទៅមកនៃ AEO វគ្គមួយ ដែលចូលរួមពីសមាជិកចំនួន០៧ ប្រទេស រួមមាន៖ ប្រ៊ុយណេ,ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី,ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម ដោយគ្រោងសម្រេចឱ្យបានក្នុងឆ្នាំ២០២៣
៦៖ ការកោតសរសើរប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នកសម្របសម្រួល SPCD ០៨ ក្នុងការផ្តល់ជំនួយបច្ចេកទេសលើផ្នែកសវនកម្ម ក្រោយពេលបញ្ចេញទំនិញពីគយ (PCA) ដល់សមាជិកអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ និងកម្មវិធីបណ្តុះបណ្តាលនាថ្ងៃអនាគត
៧៖ ការកត់សម្គាល់លើគំនិតផ្តួចផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពន្ធដារ ៨៖ ការកត់សម្គាល់លើកម្មវិធីបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងកាកសំណល់ប្លាស្ទិក ដែលត្រូវបានផ្សព្វផ្សាយ ក្នុងសិក្ខាសាលាថ្នាក់តំបន់អាស៊ាន
៩៖ ការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការរួមគ្នារវាងអាស៊ាន និងអូស្ត្រាលីដើម្បីរកមុខសញ្ញាសង្ស័យ ក្នុងការដឹកជញ្ជូនទំនិញ តាមសមុទ្រនិងព្រំដែនផ្លូវគោក ដើម្បីអនុវត្តវិធានការណ៍ក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្អាក់ការផ្គត់ផ្គង់ថ្នាំជក់ខុសច្បាប់
១០៖ ការកោតសរសើរលើគម្រោង សម្រាប់គេហទំព័រ Knowledge Based Service (KBS) ដែលអាចចែករំលែកអត្ថបទទាក់ទងនឹងការងារគយ ព័ត៌មាននិងចំណាប់អារម្មណ៍ ក្នុងចំណោមមន្រ្តីគយអាស៊ាន
១១៖ ស្វាគមន៍ប្រតិបត្តិការផ្ទាល់ នៃការផ្លាស់ប្តូរប្រតិវេទន៍គយអាស៊ាន (ACDD) ក្នុងចំណោមសមាជិករួមមាន៖កម្ពុជា, ភូមា, សឹង្ហបុរី,ម៉ាឡេស៊ី, និងថៃ ។
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣០ នឹងអនុម័តលើការងារចំនួនពីររួមមាន៖ ១៖ ការកែសម្រួលលក្ខខណ្ឌការងារ របស់អនុក្រុមការងារបច្ចេកទេសចំណាត់ថ្នាក់ទំនិញ និង២៖ លក្ខខណ្ឌការងាររបស់ក្រុមសិក្សា ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce)។
អគ្គនាយកគយអាស៊ាន ក៏នឹងប្រជុំពិគ្រោះយោបល់ដោយឡែក ពីគ្នាជាមួយគណៈប្រតិភូនៃអង្គការគយពិភពលោក, រដ្ឋបាលគយអូស្រ្តាលី, ចិន, ជប៉ុន, និងកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ និងពិគ្រោះយោបល់ជាមួយ សមាគមធុរកិច្ចនៃវិស័យឯកជនសំខាន់ៗ រួមមាន៖ ១៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ២៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប និង ៣៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងរដ្ឋបាលគយអាស៊ាន និងវិស័យឯកជន ព្រមទាំងពិភាក្សា និងស្វែងរកដំណោះស្រាយ បញ្ហាមួយចំនួន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឲ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ចក្នុងតំបន់។
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣១ នឹងត្រូវរៀបចំដោយរដ្ឋបាលគយនៃប្រទេសសឹង្ហបុរី ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២៕