(ភ្នំពេញ)៖ មន្ត្រីផ្នែកអធិការកិច្ចមកពីអង្គភាពពិសេសមួយក្រុមទៅពីភ្នំពេញ កំពុងស្ថិតនៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដើម្បីបើកការស៊ើបអង្គេត ទៅលើលោកឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសកូរ៉េ ស៊ុត ឌីណា ក្រោមអ្វីដែលគេអះអាងថា យោងតាមបណ្ដឹងពីមន្ត្រីមួយចំនួនចោទប្រកាន់ ទៅលើឯកអគ្គរាជទូតរូបនេះដឹកនាំការងារមិនប្រក្រតីអាចពាក់ព័ន្ធទៅនឹង អំពើពុករលួយបក្ខពួកនិយម។
គេមិនបានដឹងច្បាស់ពីមូលហេតុ នៃពាក្យបណ្ដឹងរួមទាំងមន្ត្រី ដែលចុះទៅធ្វើសវនកម្ម នៅស្ថានឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសកូរ៉េ នោះទៅពីអង្គភាព ឬស្ថាប័នណានោះឡើយ គេគ្រាន់តែដឹងតាមរយៈហ្វេសប៊ុករបស់ លោក ស៊ុត ឌីណា ដែលសរសេរបង្ហោះ កាលពីថ្ងៃម្សិលមិញ បានអោយដឹងថា មានមន្ត្រីមួយក្រុមទៀត មកធ្វើសវនកម្មមកពីអង្គភាពពិសេស តែមិនបានបញ្ជាក់ថាមកពីអង្គភាពណានោះទេ។
សរសេរសារបង្ហោះតាមហ្វេសប៊ុកពាក់ព័ន្ធនឹងការងាររបស់លោក នៅស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េ ដែលបច្ចុប្បន្នកំពុងត្រូវបានមន្ត្រីមួយ ក្រុមព្យាយាមប៉ែងជើង ព្រោះតែលោកធ្វើអោយបាត់ផលប្រយោជន៍លាភសក្ការៈរបស់ពួកគេនោះ លោក ស៊ុត ឌីណា បានសូមអោយសម្ដេចមេត្តាពិនិត្យ និងផ្ដល់យុត្តិធម៌ដល់រូបលោកផង ព្រោះមានគេរៀបសេណារីយ៉ូមួលបង្កាច់បង្ខូច ទៅលើរូបលោកដើម្បីដកលោកចេញពីឯកអគ្គរាជទូត។
ខ្លឹមសារនៃសារទាំងស្រុង ត្រូវបានលោក ស៊ុត ឌីណា សរសេរថា «សូមសម្ដេច មេត្តាពិនិត្យ និងផ្ដល់យុត្តិធម៌ដល់រូបខ្ញុំបាទផង។ ហេតុអីរយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូតនៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបានលះបង់គ្រប់យ៉ាងដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា និងដើម្បីបំរើពលករ និស្សិតនិងស្ត្រីរៀបការនៅកូរ៉េនិងទទួលបានលទ្ធផលវិជ្ជមានយ៉ាងច្រើនមកហើយមកដល់ពេលនេះ បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមួលបង្កាច់ បង្ខូច និងមានការចាត់បញ្ជូនក្រុមមនុស្ស មកធ្វើសវនកម្មពីរបីដង និងថ្ងៃនេះ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦មកមួយក្រុមទៀត (មកពីអង្គភាពពិសេស)។
បើខ្ញុំបាទមិនមានជំហររឹងមាំទេ គឺមិនអាចយកឈ្នះលើសមរភូមិការងាររដ្ឋបាល ការទូត និងនយោបាយដ៏ក្ដៅនេះបានឡើយ ពីព្រោះមួយគ្រប់គ្រងការងាររដ្ឋបាល និងនយោបាយ និងមួយទៀតត្រូវរវល់ទប់ទល់នឹងកម្លាំងបុករុក មួលបង្កាច់ បង្ខូច បំភាន់មតិថ្នាក់លើដើម្បីដកការទុកចិត្ត ឬក៏ដកគ្រវាត់ចោល។
មន្ត្រីដែលបញ្ជូនមកក្រោយៗនេះ គឺគ្មានមនសិការការងារ គ្មានភាពលះបង់ឬស្អាតស្អំក្នុងឋានៈជាមន្ត្រីបំរើពលករ និងពលរដ្ឋខ្មែរទេ គេគិតតែប្រមូលផ្ដុំក្បាលគ្នារកគ្រប់ឧបាយកល ប្ដឹងមួលបង្កាច់ និងបង្ខូចកេរ្ត៏ឈ្មោះខ្ញុំបាទ ដើម្បីកំចាត់ខ្ញុំបាទចេញពីតួនាទីដែលបំរើរាស្ត្រ និងបាំងផលប្រយោជន៏ពួកគេ និងពួកនៅពីក្រោយខ្នង។ សូមសម្ដេចតេជោមេត្តាអភ័យទោស ចំពោះខ្ញុំបាទដែលសរសេរក្នុងទីនេះ។ សូមគោរពជូនពរសម្ដេចទាំងពីរ មានសុខភាពល្អបរិបូរណ៍ និងឈ្នះអស់សត្រូវគ្រប់ទិសទី ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ទៅអាណត្តិក្រោយៗទៀត»។
ពាក់ព័ន្ធករណីខាងលើនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះអង្គភាព Fresh News បានទូរស័ព្ឌសាកសួរព័ត៌មាននិងសុំការបំភ្លឺពី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសដែរ ប៉ុន្តែត្រូវលោកអះអាងថា កំពុងស្រាវជ្រាវជុំវិញព័ត៌មាននេះ។ ចំណែកលោកស៊ុត ឌីណាក៏ Fresh News មិនអាចធ្វើការទាក់ទងដើម្បីសុំការបំភ្លឺបានដែរនៅរសៀលថ្ងៃនេះ៕