(ឆុងឈីង)៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានប្រកាសថា ចិននឹងខិតខំប្រឹងប្រែងចែកចាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ទៅកាន់បណ្តាប្រទេសអាស៊ាន បន្ថែមទៀត។

ការប្រកាសរបស់ប្រមុខការទូតមហាយក្សចិន បានធ្វើឡើងក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ដើម្បីអបអរខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង ប្រទេសចិន។

មហាអំណាចចិន បានប្រឹងប្រែងអភិវឌ្ឍន៍ និងផលិតវ៉ាក់សាំង ២ប្រភេទយ៉ាងជោគជ័យ រួមមាន ស៉ីណូវ៉ាក់ និងស៉ីណូហ្វាម ហើយអង្គការសុខភាពពិភពលោក ក៏បានប្រកាសទទួលស្គាល់ជាផ្លូវការរួចហើយដែរ។ សម្រាប់ប្រទេសនៅអាស៊ាន មានតែកម្ពុជាទេ ដែលទទួលបានវ៉ាក់សាំងពីចិនច្រើនជាងគេ ក្នុងនោះ ប្រភេទស៉ីណូហ្វាមជំនួយពីចិន ១.៧លានដូស និងប្រភេទស៉ីណូវ៉ាក់ ទិញពីចិន ៤.៥លានដូស ខណៈចិនប្រកាសជួយកម្ពុជាតាមតម្រូវការ។

ថ្លែងនៅចំពោះមុខរដ្ឋមន្ត្រីការបរទេសអាស៊ាន លោក វ៉ាង យី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាស៊ាន-ចិន គួរតែធ្វើឲ្យស៉ីជម្រៅបន្ថែមទៀត ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ចិននឹងបន្តដើរតួនាទីរបស់ខ្លួន ក្នុងនាមជាប្រទេសចម្បងដែលមានទំនួលខុសត្រូវ ដើម្បីប្រឹងប្រែងចែកចាយវ៉ាក់សាំងទៅកាន់បណ្តាប្រទេសអាស៊ាន, ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងការអភិវឌ្ឍ និងស្រាវជ្រាវវ៉ាក់សាំង, ការផលិត, ការជួយស្វែងរកវ៉ាក់សាំង, ការចាក់វ៉ាក់សាំង, និងការថែធួនជាមួយបណ្តាប្រទេសផ្សេងទៀត»

លោក វ៉ាង យី ផ្តល់អនុសាសន៍ថា ចិននិងអាស៊ានត្រូវយកចិត្តទុកដាក់លើរយៈ ៣០ ឆ្នាំនាពេលអនាគត បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងអាស៊ាន ដែលមានកម្រិតកាន់តែខ្ពស់ ដើម្បីបង្កើតសហគមន៍រួមជោគវាសនាតែមួយកាន់តែជិតស្និទ្ធ។

សរុបមក ប្រមុខការទូតចិន បានស្នើ៦ រួមមាន១៖ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង, ២៖ ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ, ៣៖ លើកកម្ពស់កម្រិតទំនាក់ទំនង ៤៖ ឈានដល់បញ្ចប់ការបង្កើត «ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង COC» ក្នុងពេលឆាប់ៗ, ៥៖ ប្រកាន់ខ្ជាប់ពហុភាគីនិយម, ៦៖ រួមគ្នាផ្សព្វផ្សាយតម្លៃនៃទ្វីបអាស៉ី។

ថ្លែងការណ៍ពីប្រទេសចិន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ភាគីទាំងពីរបានប្តេជ្ញាចិត្តពីការធានាថាប្រជាជន នឹងទទួលបានអនាគតកាន់តែរស់រវើក និងរីកចម្រើនថែមទៀត។

លោកសង្កត់ថា «មិនត្រឹមតែជាការប្រារព្ធខួបលើកទី ៣០ នៃដំណើរប្រកបដោយផ្លែផ្កាជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងចំពោះទំនាក់ទំនងនេះ និងបញ្ជាក់ពីសេចក្តីប្រាថ្នា និងផែនការរបស់យើង ដើម្បីធានាថាប្រជាជនរបស់យើងនឹងទទួលបានអនាគតកាន់តែរស់រវើក និងរីកចម្រើនថែមទៀត»