(ភ្នំពេញ)៖ សិក្ខាសាលាបណ្តុះបណ្តាលតាមអនឡាញ ស្តីអំពីការគ្រប់គ្រង និងការបង្រៀនពីចម្ងាយមានរយៈពេល ៣ថ្ងៃ តាមកម្មវិធី Zoom ត្រូវបានរៀបចំឡើងដោយមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមគម្រោងនៃកម្មវិធីបណ្តុះបណ្តាល របស់បណ្តាញ Réseau Mékong Pharma ដោយមានកិច្ចសហការជាមូយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ដែលឧបត្ថម្ភថវិកាដោយមូលនិធិរបស់ Pierre Fabre។

សិក្ខាសាលានេះ ត្រូវបានរៀបចំរយៈពេល៣ថ្ងៃគឺថ្ងៃទី២១ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ និងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យ នៅមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។

សិក្ខាកាមដែលមានសាស្ត្រាចារ្យបណ្ឌិតឱសថបណ្ឌិត ឱសថការី វេជ្ជបណ្ឌិត និងថ្នាក់ដឹកនាំ មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រមាណជាង៧០នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល លើការប្រើប្រាស់ និងការរៀបចំមេរៀនបង្រៀនលើផ្លាតហ្វម Moodle។ កម្មវិធីនេះពេញនិយម និងប្រើប្រាស់នៅក្នុងប្រទេសប្រមាណ ២២៤ប្រទេស នៅលើសាកលលោក ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលពីចម្ងាយ និងជាកម្មវិធីដែលអាចកែសម្រួលទៅតាមសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់។

ឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងបរិបទនៃវិបត្តិកូវីដ ជាពិសេស ដើម្បីបន្តនិរន្តរភាព នៃការគ្រប់គ្រង ការបង្រៀន និងការរៀនពីចម្ងាយរបស់គ្រឹះស្ថានអប់រំនានា ការរៀបចំឱ្យមានការបណ្តុះបណ្តាលនេះ គឺមានគោលបំណងផ្តល់ នូវចំណេះដឹង និងការអនុវត្តន៍ក្នុងការគ្រប់គ្រងការចុះឈ្មោះនិស្សិត ការគ្រប់គ្រងសាស្ត្រាចារ្យ ការគ្រប់គ្រង និងរៀបចំមេរៀន ក៏ដូចជាការដាក់បញ្ចូលមេរៀនតាមទម្រង់ និងសកម្មភាពផ្សេងៗទៅតាមគរុកោសល្យរបស់សាស្ត្រាចារ្យ និងការប្រឡង ឬធ្វើតេស្តតាមអនឡាញ។ល។

ក្នុងអំឡុងពេល៣ ថ្ងៃនៃការបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងឡាយបានធ្វើការសិក្សារួមគ្នាជាមួយលោកគ្រូសាស្រាចារ្យណែនាំ១ដង ក្នុងមួយសប្តាហ៍ ដើម្បីសិក្សាអំពីទ្រឹស្តី និងបច្ចេកទេស និងធ្វើការអនុវត្តន៍ចំណេះដឹង ដែលទទួលបានតាមសប្តាហ៍នីមួយៗដោយមានលោកគ្រូសាស្ត្រាចារ្យ ជំនួយជួយសម្របសម្រួល និងពន្យល់បន្ថែមផងដែរ។

ក្រៅពីការសិក្សាតាមទ្រឹស្តី សិក្ខាកាមទាំងឡាយត្រូវបានបែងចែកជាក្រុមតូចៗ ដើម្បីធ្វើការអនុវត្តន៍ និងចែករំលែកចំណេះដឹងទៅវិញទៅមកក្នុងក្រុម អ្នកចេះច្រើនជួយបង្រៀនអ្នកចេះតិចដែលជាកត្តាជួយ ដល់អ្នកដែលមិនសូវចាប់បានរហ័សអាចទទួលបានការបំភ្លឺបន្ថែមនិងការយល់ដឹងដូចៗគ្នា។

តាមការអះអាងរបស់លោកសាស្ត្រាចារ្យ ឈាង សេនា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យឱសថសាស្ត្រ តំណាងលោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា នាឱកាសបិទសិក្ខាសាលាបណ្តុះបណ្តាល បានឱ្យដឹងថា៖ «ខ្លួន ខ្ញុំផ្ទាល់ក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់កន្លងមកដែលបង្រៀនតាម Zoom ពិតជាពិបាកណាស់ក្នុងការតាមដានការសិក្សារបស់និស្សិត និងការវាយតម្លៃជាដើម។ ប៉ុន្តែក្រោយពីបានសិក្សាកម្រិតមូលដ្ឋាននេះមកយល់ឃើញថា តាមរយៈ Moodle យើងអាចវាយតម្លៃយ៉ាងសុក្រិត្យ ការចូលរួមរបស់និស្សិត ការដាក់កិច្ចការឱ្យធ្វើ ការបញ្ចូលសកម្មភាពនានា ក៏ដូចការធ្វើលំហាត់របស់និស្សិត និងអាចដឹងថានិស្សិតធ្វើមេរៀនដល់ចប់ ទើបអាចបន្តទៅមេរៀនមុខទៀតបាន គឺថាល្អ និងច្បាស់លាស់តែម្តង»។

លោកសាស្រ្តាចារ្យក៏បានលើកទឹកចិត្តលោកគ្រូអ្នកគ្រូទាំងអស់ឱ្យបន្តរៀន អនុវត្ត និងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវកម្មវិធីបណ្តុះបណ្តាលបន្តបន្ទាប់ទៀត។

លោកបានបន្តថា៖ «សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជាមានក្តីសង្ឃឹមថានឹងបន្តការសិក្សា និងការប្រើប្រាស់នូវចំណេះដឹងលើកម្មវិធីនេះ ដើម្បីក្លាយជាគ្រឹះស្ថានឈានមុខគេ និងដើម្បីបន្តនិរន្តរភាព និងវឌ្ឍនភាពរបស់ខ្លួនស្របតាមទស្សនៈវិស័យរបស់ក្រសួងសុខាភិបាល»។

នេះជាលើកទី១ ហើយដែលទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) សហការរៀបចំការបណ្តុះបណ្តាលពីចម្ងាយក្នុងពេលតែមួយ ខ្លឹមសារតែមួយជាមួយគ្រឹះស្ថាននានា ដែលស្ថិតក្នុងកម្មវិធីបណ្តុះបណ្តាលនៃបណ្តាញមេគង្គហ្វាម៉ាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមការឧបត្ថម្ភរបស់មូលនិធិ Pierre Fabre។ គ្រឹះស្ថានទាំងនេះរួមមាន៖ សាកលវិទ្យាល័យឱសថសាស្ត្រ នៃទីក្រុងហាណូយ សាកលវិទ្យាល័យសុខាភិបាល និងឱសថសាស្ត្រ នៃទីក្រុងហូជីមិញ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឡាវ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា។ បណ្តាញនេះរួមវិភាគទានក្នុងការផ្លាស់ប្តូរចំណេះដឹងផ្នែកវិទ្យាសាស្ត្រឱសថសាស្ត្រ ដើម្បីជាប្រយោជន៍ដល់លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យទាំងបួននៅអាស៊ីអគ្នេយ៍។