(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យទូតសាធារណរដ្ឋឆែកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញ ថ្នាក់ដឹកនាំសភាឆែក ចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13) និងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា «ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) គ្រោងនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះសភាកម្ពុជា ក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP 11) គ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២១ផងដែរ។ ជាមួយគ្នានេះសម្តេចបានស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំ និងសមាជិកសភានៃសាធារណរដ្ឋឆែក និងសូមអញ្ជើញថ្នាក់ដឹកនាំសភាឆែកចូលរួមក្នុងកិច្ចប្រជុំនេះ»។
ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាឆែក សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញអំពីបំណងក្នុងបង្កើនកម្រិតទំនាក់ទំនងរវាងព្រឹទ្ធសភាទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកគ្រប់កម្រិត និងជួយគាំទ្រគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងក្របខ័ណ្ឌអន្តរសភា។
សម្តេចវិបុលសេនាភក្តី បានបន្ថែមថា ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សូមគាំទ្រចំពោះបេសកកម្មការទូតរបស់ លោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកថ្មីប្រចាំកម្ពុជា និងត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូត ព្រមទាំងស្ថានទូតសាធារណរដ្ឋ ឆែកប្រចាំនៅកម្ពុជា។
ជាមួយគ្នានោះដែរតាមរយៈ លោក Martin Vávra សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តាំផ្ញើនូវការសួរសុខទុក្ខ ដោយសេចក្តីគោរពរាប់អាន និងនឹករលឹកដ៏ខ្ពង់ខ្ពស់ ជូនចំពោះប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែកផងដែរ៕