(បាត់ដំបង)៖ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
លោកថ្លែងថាក្នុងនាមលោក គឺជាមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ព្រមទាំងមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពល សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ដែលបានឧបត្ថម្ភថវិកា និងសម្ភារសំណង់ក្នុងការកសាងសមិទ្ធិផល នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣។
លោកបន្តថា មេបញ្ជាការកងទ័ពជើងគោក តែងបានយកចិត្តទុកដាក់ខ្ពស់គិតគូពីសុខទុក្ខយោធិនមិនរើសមុខ ជាពិសេសលោកតែងគិតគូពីជំរំជម្រកស្នាក់នៅ និងទីកន្លែងបំពេញការងារប្រចាំថ្ងៃរបស់យោធិន ជួរមុខជាក់ស្តែងចំពោះ អង្គភាពកងពលតូចថ្មើរជើងលេខ៥៣ លោកបានឧបត្ថម្ភសំណង់អគារស្នាក់នៅសិក្ខាកាមចំនួន ១ខ្នងទំហំ៨ម៉ែត្រ គុណ ៣៥ម៉ែត្រ បន្ទប់ទឹក ១ខ្នងចំនួន ៥បន្ទប់ និងអាងទឹកទំហំ ២ម៉ែត្រ គុណ ៦ម៉ែត្រ ដែលសមិទ្ធិផលទាំងនេះត្រូវបានកសាងរួចរាល់មួយរយភាគរយ និងត្រូវបានប្រគល់ផ្ទេរប្រគល់ជូនដោយក្រុមជាងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ៕
សូមបញ្ជាក់ថា អគារស្នាក់នៅសិក្ខាកាម ត្រូវបានចាប់ផ្តើមកសាងឡើងដោយ ក្រុមជាងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ហើយត្រូវបានកសាងរួចរាល់ជាស្ថាពរនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ តែម្តង៕