(កោះកុង)៖ គិតរហូតមកដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការសាងសង់ និងជួសជុលតំបន់ទីលានផ្នូរសពអតីតយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧សព បានដំណើរការសាងសង់ប្រមាណ ៣០ភាគរយហើយ។ នេះបើតាម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសាងសង់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ការរៀបចំបើកការដ្ឋានសាងសង់ទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិល គឺធ្វើឡើងក្រោមគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីរំឮកនូវគុណនូប្បការៈ ការបូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជនកម្ពុជា ដើម្បបុព្វហេតុជាតិមាតុភូមិកម្ពុជា ឱ្យទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា។ សពអតីតកម្មាភិបាល យុទ្ធជន ដែលបានយកមកបញ្ចុះនៅទីលានផ្នូរយុទ្ធជន នៅក្នុងភូមិលេខ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទាំង ៤៤៧សពនេះ ជាយុទ្ធជនមកពីបណ្តា ១៨រាជធានី-ខេត្ត។

នាយឧត្តមសេនីយ៍ យន្ត មីន បានឱ្យដឹថា ការសាងសង់ និងជួសជុលតំបន់ទីលានផ្នូរសពអតីតយុទ្ធជន គឺមានទំហំដីជាង ៩,៥០០ម៉ែត្រការ៉េ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ទីលានផ្នូរសពនេះ មានរៀបចំជាស្តូបតម្កល់កោដ្ឋ, ផ្នូរសម្រាប់សពយុទ្ធជននីមួយៗ, រោងបុណ្យ, កន្លែងចារឈ្មោះសប្បុរសជន និងកន្លែងចតរថយន្តជាដើម។

នាយឧត្តមសេនីយ៍ យន្ត មីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំណើរការសាងសង់លានផ្នូរសពអតីតយុទ្ធជន មកដល់ពេលនេះ ខ្ញុំគិតថាដំណើរការបានប្រមាណជា ៣០ភាគរយ នៃតំបន់លានផ្នូរសពអតីតយុទ្ធជនទាំងមូល ខណៈផ្នែកសួនច្បារ សាងសង់បានប្រមាណ ៨០ភាគរយ, របងសាងសង់បានជាង៧០ភាគរយ, ស្តុបសាងសង់បានប្រមាណជា ៣៥ភាគរយ…!»

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ បានបង្ហើបឱ្យដឹងថា៖ «ក្រោមការចង្អុលបង្ហាញពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកោះកុង ក្រុមការងារនឹងសម្រេចឱ្យហើយនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណជាតិខ្មែរ សម្រាប់ឆ្នាំ២០២២ ខាងនេះ»

នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងថា ការសាងសង់ និងជួសជុលទីលានផ្នូរអតីតយុទ្ធជននាពេលនេះ គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជានាយទាហាន ពលទាហាន ដែលបានលះបង់ អាយុជីវិតក្នុងសម័យសង្គ្រាម ដើម្បីបូរណភាពទឹកដី ការពារប្រទេសជាតិ មាតុភូមិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីឈានរកសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋដោយមិនគិត ពីការបូរជាអាយុជីវិតរបស់ខ្លួននោះឡើយ។

នាយឧត្តមសេនីយ៍ បានបន្តថា អនុវត្តន៍នូវអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអនុវត្តន៍ក្រោមការចង្អុលបង្ហាញរបស់ សម្តេចពិជ័យសេនា ទៀ បាញ់, ក្រសួងការពារជាតិ នឹងស្ថាបនាតំបន់មួយនេះឱ្យសាកសម និងប្រែក្លាយជាតំបន់ដឹកគុណនូប្បការៈ អតីតសពយុទ្ធជន។

នាយឧត្តមសេនីយ៍រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សម្រាប់ទីលានផ្នូរសពអតីតយុទ្ធ គឺត្រូវសាងសង់ឡើងតាមរចនាបទខ្មែរសុទ្ធសាធ។ បន្ថែមពីលេីនេះ ក្រុមការងារជំនាញសិក្សា និងកែលម្អបន្ថែមទៀតនូវរចនាបទអង្គរ ហើយប្រវត្តិទីតាំងនេះបានដាក់សាកសពយុទ្ធពល ដែលពលីជីវិត ដើម្បីបូរណភាពទឹកដីនេះ តាំងពីខែកក្កដា ឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៨។

នាយឧត្តមសេនីយ៍ យន្ត មីន ក៏បានអំពាវនាវដល់សប្បុរសជន ដែលមានធនធានសូមចូលបន្តឧបត្ថម្ភ គាំទ្រដល់ដំណើរការសាងសង់ តំបន់ទីលានផ្នូរសពអតីតយុទ្ធជននេះបន្ថែមទៀត ដើម្បីធ្វើយ៉ាងឱ្យយុទ្ធនាការសាងសង់នេះទទួលបានជោគជ័យតាមការកំណត់៕