(កំពត)៖ អភិបាលខេត្តកំពត លោក ជាវ តាយ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានប្រគល់សម្ភារពាក់ព័ន្ធបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជូនដល់មន្ទីរសុខាភិបាលខេត្ត និងរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានសកម្មផុលផុសបន្ថែមទៀត ដែលពិធីផ្ដល់សម្ភារនេះធ្វើឡើងនៅសាលាខេត្តកំពត។
ក្នុងឱកាសនោះលោក ជាវ តាយ បានចាត់ទុកសម្ភារបានបែងចែកទាំងអស់នោះ គឺជាតម្រូវការចាំបាច់ដើម្បីបានប្រើប្រាស់ជាប្រយោជន៍ដល់ រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរសុខាភិបាលខេត្ត អ្នកពាក់ព័ន្ធព្រមទាំង ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានដែលបាននឹងកំពុងរួមសហការ ធ្វើសកម្មភាពប្រយុទ្ធនិងបង្ការ ទប់ស្កាត់ កុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពតបន្តទៀត។
លោក ជាវ តាយ បានណែនាំដល់មន្ទីរសុខាភិបាល និងរដ្ឋបាលក្រុងស្រុកទាំងអស់ ឲ្យយកសម្ភារទាំងអស់នេះ ទៅប្រើប្រាស់ឲ្យចំគោលដៅ និងបង្កើនការយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បន្ថែមទៀត ក្នុងស្ថានការណ៍ចំពោះមុខនេះ បើក្នុងករណី ដែលមានប្រជាពលរដ្ឋពាក់ព័ន្ធផ្ទាល់ ឬប្រយោលជុំវិញជំងឺកូវី១៩ ត្រូវស្រាវជ្រាវប្រមូលអ្នកទាំងអស់នោះឲ្យបានជាបន្ទាន់ ដើម្បីព្យាបាល និងធ្វើចត្តាឡីស័ក អនុវត្តតាមវិធានការសុខាភិបាល។
ពិសេសត្រូវជំរុញការអប់រំផ្សព្វផ្សាយ អោយបានសកម្មថែមទៀត ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យមានការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការសុខាភិបាល ក៏ដូចការណែនាំ និងការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាគឺវិធានការ «៣កុំ និង៣ការពារ» ដើម្បីបញ្ឈប់ការចម្លងដល់បុគ្គល ក្រុមគ្រួសារ សហគមន៍ និងក្នុងប្រទេសកម្ពុជាយើងបន្តទៀត។
សម្ភារដែលត្រូវប្រគល់ជូនរដ្ឋបាល ក្នុងនោះ សម្រាប់មន្ទីរសុខាភិបាលខេត្ត ទទួលបាន ម៉ាស់ចំនួន១០,០០០សន្លឹក និងទឹកអាកុល៥កាន ស្មើ១៥០លីត្រ ដោយឡែក ទឹកអាកុលចំនួន២៤០
លីត្រទៀត សម្រាប់ជូនដល់រដ្ឋបាលក្រុង ស្រុកទាំង៨ ដោយក្នុង១ក្រុង ស្រុក ទទួលបានអាកុល១កាន ស្មើនឹង ៣០លីត្រ និងទឹកជែលលាងសម្អាតដៃ សរុបចំនួន៩៣កេស ស្មើនឹង៣៧២០ដប សម្រាប់ជូនដល់រដ្ឋបាល ឃុំ សង្កាត់ ចំនួន៩៣ ក្នុង១ឃុំ សង្កាត់ ទទួលបាន១កេស។
ពាក់ព័ន្ធអំណោយសប្បុរសធម៌ ជាសម្ភារខាងលើ គឺរដ្ឋបាលខេត្តកំពត បានទទួលពីលោកវេជ្ជបណ្ឌិត ណុប វិសាល អគ្គនាយកគ្លីនិកមេហ្គាប៊ែល និងម្ចាស់រមណីយដ្ឋានដំបូងកំពត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១៕