(ប៉េកាំង)៖ គណៈប្រតិភូយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលដឹកនាំដោយ លោក កែ ប៊ុនខៀង និងលោកបណ្ឌិត ហ៊ុន ម៉ាណែត នៅវេលាម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ បានចូលជួបសម្តែងការគួសមជាមួយ លោក Song Toa រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន នាទីស្តីការក្រសួងទំនាក់ទំនងអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីរាយការណ៍ពីទីក្រុងប៉េកាំង បានឲ្យដឹងថា ក្នុងកិច្ចជំនួយសម្តែងការគួសមនេះ ភាគីចិនបានវាយតម្លៃខ្ពស់ អំពីការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
លើសពីនេះ ក្រោយបញ្ចប់ការជួបសំណេះសំណាល លោករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ ក៏បានរៀបចំពិធីលៀងសាយភោជន៍ ជូនក្រុមប្រតិភូយុវជនកម្ពុជាផងដែរ។
សូមជំរាបថា គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចំនួន៥៧រូប ដឹកនាំដោយលោក កែ ប៊ុនខៀង និងលោកបណ្ឌិត ហ៊ុន ម៉ាណែត បាននឹងកំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១១ថ្ងៃរបស់ខ្លួន នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៣ ដល់២៣ ខែមីនា ឆ្នាំ២០១៦៕