(ភ្នំពេញ)៖ បន្ទាប់ពីសវនាការបានបញ្ចប់ នៅប្រមាណម៉ោង១១ព្រឹកនេះ ចៅក្រមជំនុំជម្រះ លោក លិ សុខា បានប្រកាសម្រេចថា មិនអនុញ្ញាតឲ្យជនត្រូវចោទ រ៉ុង ឈុន បាននៅក្រៅឃុំនោះទេ ដោយចៅក្រមបញ្ជាក់ប្រាប់អង្គសវនាការថា តុលាការចាំបាច់នៅបន្តចំណាត់ការនីតិវិធីចំពោះអ្នកជាប់ពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ហេតុដូច្នេះហើយដើម្បីឲ្យរឿងក្តីនេះឆាប់បញ្ចប់ ជនត្រូវចោទត្រូវនៅក្នុងឃុំដដែល។
សូមបញ្ជាក់ថា បន្ទាប់ពីលើកពេលអស់ជាច្រើនខែ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានយកសំណុំរឿងលោក រ៉ុង ឈុន មកធ្វើការជំនុំជម្រះបន្ត ដោយមានការចូលរួមពីមជ្ឈដ្ឋានជាច្រើនដូចជា អង្គទូតនានា អ្នកសង្កេតការអង្គការសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាដើម។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីលោកបានថ្លែងការណ៍ញុះញង់ពាក់ព័ន្ធនឹងបញ្ហាព្រំដែននៅក្នុខេត្តត្បូងឃ្មុំ។ លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទពីបទញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក រ៉ុង ឈុន នៅដែរ យ៉ាងតិចសកម្មជន ជាង១០ នាក់ ក៏ត្រូវបានចាប់ ឃុំខ្លួន ខណៈពួកគេ នាំគ្នាតវ៉ាករណី ចាប់ ខ្លួន អ្នករិះគន់ បញ្ហាព្រំដែនរូបនេះ៕