(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានស្រ្តីឈ្មោះ ឈៀន សុខា អាយុ៥១ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលមរណៈភាព ក្រោយធ្លាក់ពីលើផ្ទះ ប៉ុន្តែពេលយកសំណាកពិនិត្យដោយតេស្តរហ័ស (Rapid Test) គឺវិជ្ជមានកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមិថុនានេះ។
ជាមួយគ្នានេះប្តីឈ្មោះ ហេង សុភាព អាយុ៤៩ឆ្នាំ ដែលបានកំដរប្រពន្ធពេលឈឺនោះ ក៏ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាកពិនិត្យដោយ (Rapid Test) គឺវិជ្ជមានជំងឺកូវីដ១៩ផងដែរ ហើយបានបញ្ជូនទៅព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ «តាំង ប៊ុនហេង»។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព៕