(ពោធិ៍សាត់)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយមានការចូលរួមពីលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចូលរួមក្នុងពិធីប្រគល់-ទទួល ថេបប្លេត និងសម្ភារបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥ខេត្ត។
ខេត្តទាំង៥ នោះរួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះលោកស្រី ឱ វណ្ណឌីន បានថ្លែងថា សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា មានទឹកចិត្តគិតគូរទៅដល់ក្រុមគ្រូពេទ្យរបស់យើង មិនត្រឹមគិតអំពីសុខទុក្ខ និងដាក់ចេញនូវវិធានការនានា សម្រាប់ទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ទេ ក៏ប៉ុន្តែសម្តេចតែងគិតអំពីសុខទុក្ខរបស់គ្រូពេទ្យ។ និយាយដោយឡែក សម្តេចតេជោដាក់ចេញនូវយុទ្ធសាស្ត្រត្រឹមត្រូវ ក្នុងការផ្តល់ការចាក់វ៉ាក់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទៅ ដែលមានអាយុពី១៨ឆ្នាំឡើងទៅ នៅក្នុងផែនការគោលកំណត់ ១០លាននាក់។
លោកស្រីបានថ្លែងទៀតថា «សម្តេចតេជោក៏បានស្វែងយល់ ហើយក៏បានយល់ពីផលលំបាករបស់ក្រុមគ្រូពេទ្យរបស់យើង ដែលផ្តល់នូវការចាក់វ៉ាក់សាំងនេះ។ ដោយសារយើងមានតម្រូវការនៃការចាក់ច្រើន បងប្អូនប្រជាពលរដ្ឋច្រើន បើនិយាយដោយឡែកបច្ចុប្បន្ននេះ យើងកំពុងចាក់ស្រោចនៅរាជធានីភ្នំពេញ តាមការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងមួយថ្ងៃៗយើងបានបាន៤ ទៅ៥ម៉ឺននាក់ លើសពីផែនការកំណត់របស់យើងទៀត»។
លោកស្រី ឱ វណ្ណឌីន ក៏បានណែនាំដល់មន្ទីរសុខាភិបាលខេត្តទាំង៥ ដែលទទួលបានសម្ភារនៅពេលនេះ គឺយកទៅប្រើប្រាស់ឱ្យចំទិសដៅ ដើម្បីបម្រើនូវកិច្ចការងារផ្សេង និងដាក់បញ្ចូលនៅក្នុងបញ្ជីសារពើភ័ណ្ឌ ឱ្យបានត្រឹមត្រូវផងដែរ៕