(កណ្តាល)៖ អាជ្ញាធរមូលដ្ឋានឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានច្រានចោលព័ត៌មានថា មានការដាក់គ្រឿងចក្រជីកកាត់ផ្តាច់ផ្លូវសាធារណៈ មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរ ចូលទៅអាស្រ័យផលនៅភូមិព្រែកតូច ហើយការកាយនេះគឺធ្វើឡើងនៅក្នុងដីឯកជនស្របច្បាប់នោះទេ។
មន្រ្តីអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ករណីនេះ គឹមិនបានប្រើគ្រឿងចក្រកាយដីផ្តាច់ផ្លូវសាធារណៈនៅភូមិព្រែកតូច ឃុំព្រែកដាច់ ធ្វើឲ្យពលរដ្ឋរងទុក្ខ ដូចការផ្សព្វផ្សាយចោទប្រកាន់នោះទេ។ ការកាយនោះ គឺកាយលើដីកម្មសិទ្ធិ របស់ម្ចាស់ដីផ្ទាល់ ដើម្បីបើកឲ្យទឹកហូរចេញចូល ទៅដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋពិតប្រាកដផ្សេងទៀតដែលនៅក្បែរៗគ្នា ដែលមានឯកសារកាន់កាប់ប្រើប្រាស់ដីទទួលស្គាល់ពីអាជ្ញាធរ ជួយរំដោះទឹក ជូនដល់ពួកគាត់បង្កបង្កើនផល មិនមែនកាយផ្លូវសាធារណៈ ដូចការចោទប្រកាន់ឡើយ។
អាជ្ញាធរថា មានប្រជាពលរដ្ឋមួយចំនួនតូចមកតវ៉ា គឺមិនមែនជាម្ចាស់ដីជាក់ស្តែងនៅតំបន់នោះឡើយ គ្រាន់តែធ្វើដើម្បីរឿងអ្វីមួយនៅពីក្រោយខ្នងប៉ុណ្ណោះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋតំណាងម្ចាស់ដីស្របច្បាប់ក៏បានចេញមុខអះអាងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះថា ពួកគាត់មិនបានប្រើគ្រឿងចក្រកាយដីផ្តាច់ផ្លូវសាធារណៈ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ធ្វើឲ្យអ្នកផ្សេងរងទុក្ខ ដូចការផ្សព្វផ្សាយតាមបណ្តាញសង្គមនោះឡើយ។
តំណាងម្ចាស់ដីស្របច្បាប់សង្កត់ធ្ងន់ៗថា ពួកគាត់មានឯកសារត្រឹមត្រូវតាមផ្លូវច្បាប់ អំពីការកាន់កាប់ដីនេះជាអចិន្ត្រៃយ៍ និងដោយស្របច្បាប់តាំងពីឆ្នាំ២០១៤ ហើយបានអាស្រ័យផល និងដាំដំណាំជាច្រើន មានទាំងបង្គោលព្រំដី ក្រវ៉ាត់ព្រំដីច្បាស់លាស់ផងដែរ។ ទោះបីយ៉ាងណា ប្រសិនបើសកម្មភាពតវ៉ារឿងដីធ្លីទាំងនេះ មិនអស់ចិត្ត គឺអាចយកឯកសារពាក់ព័ន្ធ មកតតាំងគ្នាតាមផ្លូវច្បាប់បាន ខណៈដីមួយនេះគឺមានម្ចាស់ដីស្របច្បាប់ និងបានបោះបង្គោលសម្គាល់ ក្រវ៉ាត់ព្រំដីរួចរាល់អស់ហើយ ដោយមិនមាននរណាម្នាក់មកតវ៉ាឡើយ។
ជាមួយគ្នានេះដែរ តំណាងម្ចាស់ដីស្របច្បាប់ថ្លែងទៀតថា ខ្លួនបានរៀបចំឯកសារពាក់ព័ន្ធផ្លូវច្បាប់រួចហើយ ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចវែកមុខមេក្លោង នៅពីក្រោយខ្នងនៃការជួល និងអនុវត្តច្បាប់លើសកម្មជនញុះញង់ដីធ្លីទាំងនេះ ឲ្យទទួលខុសត្រូវចំពោះមុខច្បាប់។
ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានក៏ពុំបានឃុបឃិតជាមួយឈ្មួញណា ដើម្បីធ្វើបាបពលរដ្ឋ ដូចការចោទប្រកាន់គ្មានមូលដ្ឋានទាំងនោះឡើយ ហើយអាជ្ញាធរក៏កំពុងជាប់រវល់ជាមួយការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។
សូមបញ្ជាក់ថា ការចេញមុខបដិសេធបែបនេះរបស់អាជ្ញាធរ និងម្ចាស់ដីស្របច្បាប់នៅតំប ន់នោះ បានធ្វើឡើងក្រោយពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយថា ប្រជាពលរដ្ឋប្រហែល២០នាក់ នៅក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ចោទប្រកាន់ថា មានការដាក់គ្រឿងចក្រជីកកាត់ផ្តាច់ផ្លូវសាធារណៈ មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរចូលទៅអាស្រ័យផល ដូចជា នេសាទត្រី កាប់អុសដុត បេះត្រកួន ប្រលឹត ធ្វើស្រែចម្ការនៅក្នុងដីធ្លីរបស់ពួកគាត់ទេ៕