(កណ្តាល)៖ អ្នកឧកញ៉ា គិត ម៉េង បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក ដល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល។ នេះបើយោងតាមប័ណ្ណ ថ្លែងអំណរគុណរបស់លោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ
ដែលបានឧបត្ថម្ភថវិកា ១០,០០០ ដុល្លារ ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។
លោកបន្តថា សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ប្រកបដោយតម្លាភាពក្នុងការបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ៕