(ត្បូងឃ្មុំ)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រគល់អណ្តូងទឹកចំនួន០៧ នៅឃុំរកាពប្រាំ ចំនួន០៥អណ្ដូង និងឃុំទន្លេបិទចំនួន ០២អណ្ដូង ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
នាឱកាសនោះដែរ លោក ខាន់ ខុន បានលើកឡើងថា អណ្តូងទាំង០៧ ដែលប្រគល់ជូននាពេលនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋក្នុងរដូវកាលការរីករាដាលជំងឺកូវីដ១៩នេះ ក៏ដូចជាជួយសម្រួលដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកបានបញ្ជាក់ថា អណ្តូងទាំងនេះ ក្រោមការឧបត្ថម្ភគាំទ្រពីសមាគមបេសកកម្មដំណឹងល្អ រួមជាមួយក្រុមហ៊ុន (ប៊ីម៉ារៀលអ៊ីស្តេត) Bema Real Estate co.Ltd និងការរួមសហការរបស់គ្រិស្តបរិស័ទក្នុង និងក្រៅប្រទេសបានបរិច្ចាគចូលរួមជាការអធិដ្ឋាន និងចូលជាថវិកាតាម រយៈលោកផ្ទាល់ក្នុងការចុះជួយដល់ប្រជាជន ក្នុងប្រទេសកម្ពុជា ទៅតាមលទ្ធភាពដែលមានក្នុងការចូលរួមជួយដល់រាជរដ្ឋាភិបាល។
លោក ខាន់ ខុន បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ផ្គររន្ទះ ថែរក្សាសុខភាពឱ្យបានល្អដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង ដើម្បីការពារពីជំងឺគ្រុនចាញ់ ឬគ្រុនឈាម ជាពិសេសបន្តចូលរួមអនុវត្តវិធានការ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា «៣កុំ និង៣ការពារ» ដើម្បីជៀសផុតពីជំងឺកូវីដ១៩។
លោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ និងអាជ្ញាធរដែនដីរួមជាមួយប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់លោក ខាន់ ខុន និងក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត ព្រមទាំងគ្រិស្តបរិស័ទ ក្នុងប្រទេស និងក្រៅប្រទេស ដែលបានផ្តល់នូវប្រភពទឹកស្អាតដល់មូលដ្ឋានខេត្តត្បូងឃ្មុំ៕