(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៧ ខែមិថុនា បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៤នាក់ទៀត ដែលក្នុងនោះ ភាគច្រើនជាអ្នករស់នៅក្នុងស្រុកសូទ្រនិគម ដែលជាការឆ្លងក្នុងសហគមន៍។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបានឱ្យដឹងថា ករណីទី១ ដល់ទី១៦ គឺជាករណីឆ្លងរាលដាលក្នុងសហគមន៍ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង គឺចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
ចំពោះករណីទី១៧ ដល់ទី២២ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យ ដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ។ ដោយឡែកករណីទី២៣ និង២៤ ជាអ្នកទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ពេលមកដល់មន្ទីរពេទ្យ ហើយដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។
នៅថ្ងៃទី០៧ ខែមិថុនា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ ធៀង ឡាដាំង ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២២៩នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៨៤នាក់ ស្លាប់ ២នាក់ និង ១៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕