(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអនុញ្ញាតឱ្យ អនុព័ន្ធយោធាអាមេរិកដែលបានផុតអាណត្តិ និងអនុព័ន្ធយោធាអាមេរិកថ្មីចូលជួបពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្រ្តី។
ក្រោយជំនួបនេះ សម្តេចពិជ័យសេនា បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា ក្នុងជំនួបនោះ ភាគីទាំងពីរបានបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមួយចំនួនកន្លងមក។ សម្តេចបានសរសើរអាមេរិកដែលជួយបណ្តុះបណ្តាលធនធានមនុស្សនៃកងទ័ពកម្ពុជា ព្រមទាំងបានស្នើសុំឲ្យអនុព័ន្ធយោធាអាមេរិកបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងអាមេរិក ដែលបានខកខានកន្លងមក ដោយសារវិបត្តិជំងឺកូវីដ-១៩។
ជំនួបរវាងប្រមុខការពារជាតិកម្ពុជា ជាមួយអនុព័ន្ធយោធាអាមេរិក បានធ្វើឡើងបន្ទាប់ពីកម្ពុជាយល់ព្រមតាមសំណើអាមេរិក ដែលនឹងអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិក ចុះពិនិត្យមើលកំពង់ផែរាម នៅពេលខាងមុខនេះ ដើម្បីឱ្យអស់មន្ទិលសង្ស័យអំពីមូលដ្ឋានទ័ពចិន។
ទោះជាយ៉ាងនេះក្តី នៅក្នុងជំនួបខាងលើនេះ ភាគីទាំងពីរមិនបានកំណត់ពេលវេលាជាក់លាក់ ដែលនឹងចុះទៅកាន់តំបន់រាមនៅឡើយទេ។
នាពេលកន្លងទៅ សារព័ត៌មានមួយចំនួនរបស់សហអាមេរិក បន្តវាយប្រហារជាបន្តបន្ទាប់ថា កម្ពុជាបានអនុញ្ញាតឱ្យចិន ដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេស នៅតំបន់រាម ខណៈដែលកម្ពុជាបានបំភ្លឺម្តងហើយម្តងទៀតថា ខ្លួនមិនអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសនោះឡើយ ហើយក៏មិនមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសកម្ពុជាដូចការផ្សព្វផ្សាយបំភ្លៃនោះដែរ។
ពាក់ព័ន្ធករណីកំពង់ផែរាមនេះ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ឱ្យដឹងថា កម្ពុជាគ្រាន់តែទទួលបានជំនួយពីចិនដែលជាមិត្តដែកថែប ក្នុងការជួយសាងសង់កំពង់ផែតំបន់រាម ឱ្យមានលក្ខណៈធំទូលាយ និងទំនើបជាងមុនប៉ុណ្ណោះ ហើយជំនួយនេះមិនមានលក្ខខណ្ឌដូចមហាអំណាចដទៃទេ។
សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា ពេលនេះកំពង់ផែរាមកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់នៅឡើយ ហើយបន្ទាប់ពីសាងសង់រួច កម្ពុជាទេជាអ្នកប្រើប្រាស់នូវកំពង់ផែទំនើបនេះ ដោយមិនបានប្រគល់ឱ្យចិនផ្តាច់មុខ ដូចការចោទប្រកាន់របស់អាមេរិកនោះឡើយ៕