(ភ្នំពេញ)៖ មហោស្រពបច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា (Inno-Tech Festival Cambodia) ដែលជាព្រឹត្តការណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ធំជាងគេដំបូងនៅកម្ពុជា នឹងត្រូវរៀបចំឡើងនាចុងសប្តាហ៍នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ គំនិតច្នៃប្រ ឌិតលើបច្ចេកវិទ្យា និងផលិតផលបច្ចេកវិទ្យាជាច្រើន នឹងត្រូវបង្ហាញនៅក្នុងមហោស្របនេះ។

លោក ស៊ុន រ៉ាពីដ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់ Fresh News ឲ្យដឹងថា មហោស្រពបច្ចេកវិទ្យា និង នវានុវត្តន៍កម្ពុជានេះ នឹងធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០១៦ ចាប់ពីម៉ោង ៨ព្រឹកដល់ ៥ល្ងាច។

លោក ស៊ុន រ៉ាពីដ បានឲ្យដឹងផងដែរថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចូលរួមបើកកម្មវិធី ហើយមានវាគ្មិនផ្នែកបច្ចេកវិទ្យា ៥រូបទៀត នឹងឡើងធ្វើបទបង្ហាញពីសារៈប្រយោជន៍ ដូចជាការស្វែងយល់ពីឱកាសក្នុងការទទួលបានមូលនិធិគាំទ្រ លើគម្រោងបច្ចេកវិទ្យា ការប្រែក្លាយពីអង្គការសង្គមស៊ីវិល ទៅសហគ្រាសសង្គម កម្មវិធីគាំទ្រដល់ការផ្តួចផ្តើមអាជីវកម្មថ្មីៗ អាជីវកម្មអេឡិចត្រូនិច និងការអភិវឌ្ឍមាតិកា សម្រាប់បណ្ដាញទំនាក់ទំនងសង្គមជាដើម។

ព្រឹត្តិការណ៍បង្ហាញនូវផលិតផល និងគំនិតច្នៃប្រឌិតបច្ចេកវិទ្យា ដ៏ធំលើកដំបូងនៅកម្ពុជានេះ ត្រូវបានសហការរៀបចំឡើង ដោយស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនឯកជន អង្គការសង្គមស៊ីវិល និងសហគមន៍បច្ចេកវិទ្យាក្នុងស្រុកសរុប ១៤អង្គភាព ហើយមានស្តង់តាំងពិព័រណ៍ផលិតប្រមាណ ៥០ស្តង់។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន រ៉ាពីដ។

ព្រឹត្តិការណ៍នេះរៀបចំឡើងគោលបំណង៖

(១). ចែករំលែកព័ត៌មាន និងចំណេះដឹង អំពីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីការអភិវឌ្ឍន៍ ដែលបានបង្កើតដោយស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន ដល់អ្នកចូលរួមទូទៅ

(២). ផ្តល់ព័ត៌មានពីការផ្តល់មូលនិធិដើម្បីគាំទ្រគម្រោងបច្ចេកវិទ្យា និងការប្រែក្លាយខ្លួន ពីអង្គការមិនស្វែងរកប្រាក់ចំណេញ ទៅជាសហគ្រាសសង្គម ដែលអាចជួយដល់សេដ្ឋកិច្ចជាតិ

(៣). ប្រមូលផ្តុំអ្នកជំនាញបច្ចេកវិទ្យា និងអ្នកដោះស្រាយបញ្ហាសង្គម ក្នុងការបង្កើតដំណោះស្រាយលើបញ្ហានានា ដើម្បីស្វែងរកការគាំទ្រ និង ការវិនិយោគពីវិស័យឯកជន ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះស្រាប់

(៤). បង្កើតឱកាសដល់អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពធ្វើការចែករំលែក ពីបទពិសោធន៍របស់ខ្លួន ដើម្បីជាប្រ យោជន៍ដល់អ្នកចូលរួមទូទៅ

(៥). ធ្វើការពង្រឹងកិច្ចសហការក្នុងចំណោមស្ថាប័នរដ្ឋ សង្គមស៊ីវិល និងក្រុមហ៊ុនឯកជនដើម្បីទាញប្រយោជន៍ពី បច្ចេកវិទ្យា ដើម្បីការអភិវឌ្ឍន៍កាន់តែប្រសើរឡើង ក្នុងប្រទេសកម្ពុជា។

នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានផ្ដល់ជាកន្លែងជួបជជែក ពិភាក្សា និងបង្ហាញចំណាប់អារម្មណ៍លើគំនិតនានា ពីសំណាក់អ្នកចូលរួម អ្នកមានគំនិតប្រហាក់ប្រហែលគ្នា អ្នកជំនាញ អ្នកផ្ដល់សេវាកម្ម និងអ្នកស្វែងរកសេវាកម្មអាជីវកម្ម និងបច្ចេកវិទ្យាផងដែរ៕