(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានទទួលអំណោយមួយចំនួនធំពីលោក ឡោ ជំនិត និងលោកស្រី ប្រាក់ ចាន់រដ្ឋា ជាវិនិយោគិនផ្សារណាត់ នៅក្នុងក្រុងដូនកែវ ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តតាកែវ សម្រាប់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក អ៊ូច ភា បានថ្លែងអំណរគុណដល់លោក ឡោ ជំនិត និងលោកស្រី ប្រាក់ ចាន់រដ្ឋា ដែលបានបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងការទិញនូវគ្រឿងឧបភោគមួយចំនួន យកមកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ការងារប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើងនៅមូលដ្ឋានខេត្ត ជាពិសេសទុក សម្រាប់ចែកជូនដល់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ អំឡុងពេលរដ្ឋបាលខេត្តសម្រេចបិទខ្ទប់នៅភូមិសាស្រ្តមួយចំនួន។
លោកអភិបាលខេត្តតាកែវ បានចាត់ទុកការឧបត្ថម្ភគាំទ្រពីសម្បុរសជននានាជាថវិកា សម្ភារក្ដី គឺជាការជួយសម្រាលទុកលំបាកដល់អាជ្ញាធជាពិសេសដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ក្នុងជីវភាពដោយសារការរីករាលដាលជំងឺកូវីដ19។
អំណោយដែលរដ្ឋបាលខេត្តទទួលបានរួមមាន៖ មីខ្លាឃ្មុំ ចំនួន២០០កេស, ត្រីខ ១០០យួរ, ទឹកត្រី ១០០យួរ, និងថវិកា ចំនួន ១,០០០$ ៕