(កំពង់ឆ្នាំង)៖ អាជ្ញាធរ និងមន្រ្តីសុខាភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញបុរសម្នាក់មានទីលំនៅក្នុងភូមិតាំងបំពង់ ឃុំជើងគ្រាវ ស្រុករលាប្អៀរ មានវិជ្ជមានកូវីដ-១៩។

លោកវរសេនីយ៌ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានបញ្ជាក់ថា បុរសដែលរកឃើញវិជ្ជមានកូវីដ-១៩ខាងលើនេះឈ្មោះ អ៉ឹម តុលា (ហៅខ្លា) អាយុ៣១ឆ្នាំ មានទីលំនៅភូមិគ្រួស ឃុំរលារប្អៀរ ស្រុករលារប្អៀរ តែបានប្រពន្ធនៅក្នុងភូមិតាំងបំពង់។

ដំបូងឡើយ បុរសរូបនេះបានទៅដាក់ពាក្យសុំធ្វើការនៅរោងចក្រ (អឹមវ៉េ) MV តែពេលទៅដល់រោងចក្រ ខាងរោងចក្រតម្រូវឲ្យរូបគេទៅពិនិត្យសុខភាពជាមុនសិន ហើយត្រូវបានគ្រូពេទ្យពិនិត្យសំណាករកឃើញវិជ្ជមានកូវីដ-១៩តែម្តង។ ដោយឡែកអ្នកពាក់ព័ន្ធផ្ទាល់មួយចំនួន និងប្រពន្ធរបស់ អ៉ឹម តុលា ត្រូវបានក្រុមគ្រូពេទ្យចុះទៅពិនិត្យសំណាកដល់លំនៅឋានលើកទីមួយអវិជ្ជមានទាំងអស់គ្នា។

ដោយខ្លាចមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានចម្លងពីបុរសខាងលើនេះ រដ្ឋបាលឃុំជើងគ្រាវសុំជ ម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជើងគ្រាវទាំងអស់ ដែលដឹងខ្លួនឯងថា ធ្លាប់មានការពាក់ព័ន្ធ ដោយផ្ទាល់ ឬដោយប្រយោលជាមួយឈ្មោះ អ៊ឹម តុលា សូមបងប្អូនមេត្តាដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ ហើយតាមដានសុខភាពរបស់ខ្លួនឲ្យបានច្បាស់លាស់ ក្នុងករណីបងប្អូនមានបញ្ហាសុខភាព និងមានការសង្ស័យសូមបងប្អូនប្រញាប់រួសរាន់រាយការណ៍ជាបន្ទាន់មកមេភូមិ រដ្ឋបាលឃុំ ប៉ុស្តិ៍រដ្ឋបាល ឬមណ្ឌលសុខភាពជើងគ្រាវឲ្យបានទាន់ពេលវេលា។

រដ្ឋបាលឃុំជើងគ្រាវ សូមអំពាវនាវដល់បងប្អូនទាំងអស់សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់និងអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលគឺអនុវត្ត វិធានការ៣ការពារនិង៣កុំដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើ ម្បីជៀសផុតពីជំងឺកូវីដ-១៩ និងមិនឆ្លងចូលក្នុងសហគមន៍របស់យើង៕