(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីជូន គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ជាផ្លូវការហើយ ដែលគណបក្សនេះមានស្នាក់ការកណ្តាល នៅខណ្ឌជ្រោយចង្វារ។ នេះបើតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ។
លោក ញឹក ប៊ុនឆៃ អតីតអនុប្រធានទី២ របស់គណបក្សហ៊្វុនស៊ិនប៉ិច បានបែកចេញពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីបង្កើតគណបក្សខ្មែររួបរួមជាតិ បន្ទាប់ពីលោកបានរួបរួមជាមួយព្រះអង្គ អស់រយៈពេល១ឆ្នាំកន្លងមក។
ក្បាលម៉ាស៊ីនដឹកនាំ នៅក្នុងគណបក្សរាជានិយមថ្មីនេះ រួមមាន លោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស, លោក ខាន់ សាវឿន អនុប្រធាន និង លោក ទៀ ចំរ៉ាត់ ប្រធានកិត្តិយស។ ចំណែកអគ្គលេខាធិការបក្ស មានឈ្មោះ ស៊ឹម សុន៕