(ពោធិ៍សាត់)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អបដំណើរដោយមន្ត្រីមួយចំនួនទៀត រួមទាំង លោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើផងនោះ នៅរសៀលថ្ងៃទី ១៤ ខែមីនាម្សិលមិញនេះ ចុះពិនិត្យទីតាំងកើតមានឧប្បត្តិហេតុភ្លើងឆេះ នៅក្នុងបរិវេណទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើក្រវាញ ស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ឧប្បត្តិហេតុភ្លើងឆេះនេះ បានកើតឡើងនៅម៉ោងប្រមាណជាង៤ល្ងាច ថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០១៦ ហើយត្រូវបានមន្ត្រីអះអាងថា កើតឡើងដោយសារភ្លើងឆេះព្រៃរាល់ដល់ ទីស្នាក់ការរដ្ឋបាលព្រៃឈើ។
បើតាមការរាយការណ៍របស់ លោក ថន ប៊ុនថេត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ជូនប្រតិភូថា មូលហេតុដែលនាំឲ្យកើតមានឧប្បត្តិហេតុភ្លើងឆេះនេះ បណ្តាលមកពីភ្លើងឆេះព្រៃប៉ែកខាងជើងខាងក្រៅរបងទីស្នាក់ការ ហើយអណ្តាតភ្លើង និងកម្ទេចភ្លើងត្រូវខ្យល់កួចធ្លាក់ក្នុងរបងឆាបឆេះស្មៅ ស្បូវ ព្រិចងាប់ៗ រួចបន្តឆាបឆេះរាលដាលដល់ រថយន្ត៣៧គ្រឿង ដែលជាវត្ថុតាងនៃបទល្មើស កំពុងថែរក្សាទុកនៅទីនេះ រួមជាមួយឈើចាស់ពុកផុយ ខូចគុណភាពមួយចំនួន។
លោក ថន ប៊ុនថេត បញ្ជាក់ប្រាប់ប្រតិភូទៀតថា រថយន្តដែលជាវត្ថុតាងទាំងអស់មាន៣៧គ្រឿង ដែល៨គ្រឿងមានសាលក្រមស្ថាពរ ក្នុងនោះរថយន្ត១គ្រឿង ត្រូវបានកាកបាទក្រហមខេត្តខ្ចី យកទៅប្រើប្រាស់ ក្នុងសកម្មភាពមនុស្សធម៌ និង២៩គ្រឿង ទៀតមិនទាន់មានសាលក្រម នៅឡើយដោយជាវត្ថុតាង ដែលចាប់ឃាត់ចាប់ពីឆ្នាំ២០១៥មក។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានផ្តល់អនុសាសន៍ណែនាំជា ការក្រើនរំលឹកដល់ផ្នែករដ្ឋបាលព្រៃឈើក្រវាញ និងផ្តាំផ្ញើដល់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ ធ្វើការណែនាំដល់អង្គភាពរដ្ឋបាលព្រៃឈើ មូលដ្ឋានគ្រប់ជាន់ថ្នាក់ អង្គភាពនានា ក៏ដូចប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តដាក់ក្នុងការបង្ការ ទប់ស្កាត់គ្រោះអគ្គីភ័យជាយថាហេតុ តាមសេចក្តីជូនដំណឹងស្តីពីភ្លើងឆេះព្រៃ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញឲ្យអនុវត្តរៀងរាល់ឆ្នាំ៕