(កណ្ដាល)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកណ្ដាល ក្រោមការបញ្ជាផ្ទាល់របស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចុះបង្ក្រាបការឈួសឆាយដីខុសច្បាប់ ស្ថិតក្នុងភូមិសាស្ដ្រស្រុកកៀនស្វាយ និងស្រុកស្អាង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។

របាយការណ៍របស់គណៈបញ្ជាការឯកភាពខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមិថុនានេះ ឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចដកហូតបាន គ្រឿងចក្រចំនួន៣គ្រឿង ក្នុងមានអេស្កាសម្រាប់កាយដីចំនួន០១គ្រឿង និងអាប៊ុលសម្រាប់ធ្វើការឈូកឆាយដីចំនួន២គ្រឿង ហើយបានដឹកយកមករក្សាទុកបណ្តោះអាសន្ន នៅសាលាឃុំត្រើយស្លា ចំនួន២គ្រឿង។

សូមជម្រាបថា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយចាត់តាំងចាត់តាំងមន្ត្រី ឲ្យចុះទៅបំពេញបេសកកម្ម ដើម្បីចាប់ឃាត់ បញ្ឈប់ការឈូសឆាយប្តូរ សណ្ឋានដី ចំពោះដីកំពុងមានវិវាទ និងពុំមានការអនុញ្ញាត ស្ថិតនៅស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល ក្រោយមានការប្តឹងពីប្រជាពលរដ្ឋម្ចាស់ដីស្របច្បាប់ និងក្រោយមានសកម្មភាពឈូសឆាយដីខុសច្បាប់ជាបន្តបន្ទាប់។

អភិបាលខេត្តកណ្តាល ក៏បានប្រាប់ទៅអភិបាលស្រុកកៀនស្វាយ និងអភិបាលស្រុកស្រុកស្អាង ឲ្យធ្វើការហាមឃាត់ ទប់ស្កាត់ ការបោះបង្គោល ការឈូសឆាយផ្លាស់ប្តូរទ្រង់ទ្រាយដីទំនាស់ ឬការសាងសង់ផ្សេងៗ នៅចំណុចដីទំនាស់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកទំាំង២ផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ជូនថា ក្រុមការងាររដ្ឋបាលខេត្ត សហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងពិនិត្យសិក្សា ស្រាវជ្រាវ និងដោះស្រាយករណីទំនាស់ដីធ្លី ពាក់ព័ន្ធនឹងចំណុចដីវិវាទជាមួយឈ្មោះ ឈាង ប៉ាក់សួរ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល។

ស្ថិតក្នុងអំឡុងពេល ក្រុមការងារកំពុងពិនិត្យ សិក្សា អង្កេតស្រាវជ្រាវ ដើម្បីឈានទៅដល់ការដោះស្រាយបញ្ចប់ទំនាស់ និងដើម្បីកុំឱ្យបង្កភាពស្មុគ្រស្មាញ ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីដែល ពាក់ព័ន្ធនៅក្នុងទំនាស់ដីនេះ រដ្ឋបាលខេត្ត ស្នើ លោកអភិបាលស្រុក ត្រូវហាមឃាត់និងទប់ស្កាត់ការបោះ
បង្គោលព្រំដីទំនាស់ ការឈូសឆាយផ្លាស់ប្តូររូបរាងសណ្ឋានដីទំនាស់ ឬការសាងសង់ផ្សេងក្នុងចំណុចដីទំនាស់ខាងលើ។

ទន្ទឹមនេះ អាជ្ញាធរភូមិ ឃុំ ស្រុក មិនត្រូវចុះហត្ថលេខាណាមួយលើឯកសារទិញលក់ដី និងឯកសារ ពាក់ព័ន្ធផ្សេងៗ ដែលនាំឱ្យមានការលំបាក និងស្មុគ្រស្មាញដល់ក្រុមការងារចំពោះកិច្ចរដ្ឋបាលខេត្ត ដោយត្រូវ រង់ចាំការដោះស្រាយ រួចរាល់សិន។ ទោះមានលិខិតណែនាំពីអភិបាលខេត្តកណ្តាលក៏ដោយ តែសកម្មភាពឈូសឆាយដីខុសច្បាប់នៅតែកើតឡើងដដែល ដូច្នេះហើយទើបប្រជាពលរដ្ឋបានប្តឹងតវ៉ាទៅលោកផ្ទាល់ រហូតមានការបង្កើតក្រុមការងារចុះស្រាយ នៅពេលនេះតែម្តង។

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ បានដាក់កំហិតឱ្យពលរដ្ឋមួយក្រុម ត្រូវបញ្ឈប់សកម្មភាពចូលទន្ទ្រានកាន់កាប់ដី នៅលើទីតាំងដែលមានបណ្ណកម្មសិទ្ធិនៅស្រុកកៀនស្វាយ និងស្រុកស្អាងជាបន្ទាន់ ដោយតម្រូវឱ្យដកបង្គោលព្រំដី និងរុះរើផ្ទះ និងសំណង់នានា ឱ្យបានមុនថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១៕