(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់អំពីការស្លាប់របស់ស្ដ្រីម្នាក់វ័យ៦២ឆ្នាំ ដោយសារជំងឺកូវីដ១៩ បន្ទាប់ពីតេស្ដរកឃើញវិជ្ជមានរយៈពេល២ថ្ងៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ស្ដ្រីដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះ ឈ្មោះ ធៀម អ៉ិត រស់នៅភូមិត្រពាំងស្នោ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ គាត់បានតេស្ដរកឃើញវិជ្ជមាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។
ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំង ដែលតម្រូវឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៉ីនជំនួយដង្ហើមនោះ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់នៅវេលាម៉ោង០១៖៥០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ដ្រីខាងលើ បានស្លាប់ដោយរោគវិនិច្ឆ័យរលាកសួរធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩ និងមានជំងឺទឹកនោមផ្អែម និងលើសឈាមរ៉ាំរ៉ៃ៕