(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក-១៩) និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា ប្រទេសដទៃ រកតែវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋមិនបានផង ប៉ុន្តែកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន គឺជាភ័ព្វសំណាង ដែលអាចរកវ៉ាក់សាំងបានរាប់លានដូសចាក់ជូនពលរដ្ឋ។

ការលើកឡើងរបស់មន្រ្តីសុខាភិបាលរូបនេះ បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផ្សាយចោទប្រកាន់ថា ពលរដ្ឋកម្ពុជាមួយចំនួន ខ្លាចមិនហ៊ានចាក់វ៉ាក់សាំងរបស់ចិន ដែលអង្គការសុខាភិបាលពិភពលោកទើបទទួលស្គាល់ កាលពីពេលថ្មីៗនេះ។

លោកស្រី ឱ វណ្ណឌីន បានចាត់ទុកថា នេះជាការផ្សាយមិនត្រឹមត្រូវទេ ដែលផ្ទុយពីការពិតទាំងស្រុង។ លោកស្រីអះអាងថា៖ «ប្រជាជនកម្ពុជា បាននាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តច្រេីនហួសការប៉ាន់ស្មានរបស់ គ.វ.ក-១៩ ទៅទៀត ។ វ៉ាក់សាំងដែលកម្ពុជា បាននិងកំពុងតែប្រេីប្រាស់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ គឺសុទ្ធតែជាប្រភេទវ៉ាក់សាំងដែលមានការដាក់បញ្ចូលទៅក្នុងបញ្ជីប្រេីប្រាស់ជាបន្ទាន់របស់អង្គការសុខភាពពិភពលោក»

លោកស្រីបានបណ្ជាក់បន្ថែមថា គ.វ.ក-១៩ នឹងបន្តយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋ ទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខភាពប្រជាពលរដ្ឋទូទៅ និងយកចិត្តទុកដាក់ក្នុងការស្វះស្វែងរកវ៉ាក់សាំងមចាក់ជូនប្រជាពលរដ្ឋ។

លោកស្រី បញ្ជាក់ដូច្នេះទៀតថា៖ «ប្រទេសគេ រកតែវ៉ាក់សាំងចាក់មិនចង់បានផង តែកម្ពុជាមានសម្តេចតេជោ គឺជាភ័ព្វសំណាង ដែលអាចរកវ៉ាក់សាំងបានរាប់លានដូសចាក់ជូនបងប្អូន បានជាងពីរលានប្រាំសែននាក់រួចទៅហេីយ ដែលមិនយូរមិនឆាប់ ចំនួនអ្នកចាក់វ៉ាក់សាំងនឹងកេីនដល់៣លាននាក់នៅកម្ពុជា»

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបណ្ជាក់បន្តថា៖ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ខែមិថុនា នេះតទៅ យុទ្ធនាការចាក់នឹងបន្តនៅខណ្ឌចំនួន៣ទៀត ដែលនៅសេសសល់ គឺខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ដែល គ.វ.ក-១៩ បានរំពឹងទុកថា នឹងអាចចាក់អស់គ្រប់បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡេីង នៅរាជធានីភ្នំពេញ សម្រាប់ដូសទី១ នៅដំណាច់ខែមិថុនានេះ ហេីយឈានទៅបញ្ចប់ការចាក់ដូសទីពីរនៅខែកក្កដាខាងមុខនេះហេីយ។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៧៥៤,៣៤១នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន២៧.៥៤%៕