(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន២នាក់ទៀត ជាអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ និងទារកអាយុ៧ខែ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។
ក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួនពីរនាក់រួមមានទី១៖ ឈ្មោះ រ័ត្ន សាមេត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែររស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី២៖ ទារក អាង សុខឃៀង អាយុ៧ខែ ត្រូវជាកូនរបស់ឈ្មោះឡៃ ស្រីពេជ្រ ដែលបានឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។
ស្ត្រីឈ្មោះ រ័ត្ន សាមេត បានធ្វើដំណើរចេញពីរាជធានីភ្នំពេញ មកខេត្តរតនគិរី នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងស្វែងរកការងារធ្វើ តាមរថយន្តស្តាររិច ផ្លាកលេខភ្នំពេញ 2AW-3305 និងបានទទួលទានអាហារ នៅចំណុចរង្វង់មូលខ្លាស្ទុះខេត្តក្រចេះ បន្ទាប់មកបានធ្វើដំណើរមកដល់ចំណុច ព្រំប្រទល់ខេត្តរតនគិរី-ស្ទឹងត្រែង ក្រុមការងារប្រចាំការ បានធ្វើការត្រួតពិនិត្យ និងកំណត់ចូលនិយមន័យ បានធ្វើតេស្តរហ័សលទ្ធផលវិជ្ជមានកូវីដ១៩ និងអ្នករួមដំណើរ៣នាក់ផ្សេងទៀតអវិជ្ជមាន។ ដោយឡែកទារក អាង សុខឃៀង អាយុ៧ខែ គឺជាករណីឆ្លងពីម្តាយមកកូន ដែលស្ត្រីជាម្តាយបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២១។
បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានការប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមស្ម័គ្រចិត្តទៅធ្វើវត្ថុវិភាគ និងរាយការណ៍ទៅកាន់អាជ្ញាធរ សមត្ថកិច្ច តាមរយៈលេខទូរស័ព្ទ៖ 097 595 77 88/ 092 12 13 83/ 097 775 12 12៕