(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ០៥-០៦ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៦,៦៩៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៥,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩១២ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តក្រចេះ៖ ១០,២២៥ នាក់
* ខេត្តបាត់ដំបង៖ ៩,៤៧០ នាក់
* ខេត្តកំពត៖ ៩,២៩២ នាក់
* ខេត្តព្រះសីហនុ៖ ៨,៧៩០ នាក់
* ខេត្តសៀមរាប៖ ៦,៩៧៩ នាក់
* ខេត្តកំពង់ស្ពឺ៖ ៦,៧២៣ នាក់។
លោកបណ្ឌិត ថោង ខុន បានបន្តថា ចំនួននេះមានការកើនឡើងប្រមាណ ៧.១៩% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា កាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ ៤៩.៨៨%។
រមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានបន្តខិតខំអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ។
ដោយឡែក តំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនមានការកើនឡើងនៃជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានបង្កើននូវវិធានការគ្រប់គ្រង និងការបិទខ្ទប់នៅតំបន់ខ្លះ ដែលធ្វើឱ្យចំនួនទេសចរនៅតាមគោលដៅទេសចរណ៍នៅតំបន់ទាំងនោះ មានការថយចុះជាងសប្តា៍មុន។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងអេកូទេសចរណ៍ថ្មីៗមួយចំនួន ដែលមានវិសាលភាពធំទូលាយ និងមានហានិភ័យទាប បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងបរិបទកូវីដនេះ ដូចជា សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ សហគមន៍អេកូទេសចរណ៍កោះសាមសិប ក្នុងខេត្តក្រចេះជាដើម។
ត្រង់ចំណុចនេះដែរ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថា «បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន និងវីដេអូនៅលើបណ្ដាញព័ត៌មាន Fresh News អំពីការកោះព្រហ្មចារី និងកោះសាមសិប នៃខេត្តក្រចេះ តំបន់អេកូទេសចរណ៍នេះទទួលបានភ្ញៀវទេសចរច្រើន ខណៈពីដើមឡើយមិនទាន់មានភ្ញៀវទៅទស្សនាច្រើននោះឡើយ រីឯកោះសាមសិបវិញក៏ទទួលបានភ្ញៀវទេសចរទៅទស្សនាកើនឡើងជាងមុនផងដែរ»៕