Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពេជ សោភ័ណ៖ ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចថា ត្រូវទប់ស្កាត់ឲ្យបាននូវបាតុកម្មណា មានបំណងធ្វើបដិវត្តន៍ពណ៌

15-03-2016 11:47

(បាត់ដំបង)៖ លោកបណ្ឌិត ពេជ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នាសាលាខេត្តបាត់ដំបង បានប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានថា ត្រូវទប់ស្កាត់ឲ្យខាងតែបាននូវអំពើកូដកម្ម បាតុកម្ម ណាដែលមានបំណងចង់ធ្វើបដិវត្តន៍ពណ៌ ក្នុងគោលបំណងផ្លាស់ប្តូរថ្នាក់ដឹកនាំប្រទេស ព្រោះការធ្វើបាតុកម្មទាំងនេះ គឺជាមេរោគអាក្រក់មួយ ដែលត្រូវការពារឲ្យបាន។

ការថ្លែងបែបនេះ របស់លោកបណ្ឌិត នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថកិច្ចភាព ក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម»។

លោកបណ្ឌិត ពេជ សោភ័ណ បានបញ្ជាក់ថា ការធ្វើកូដកម្ម បាតុកម្ម នៅប្រទេសណាទីណាកន្លែងក៏ដោយ ពិសេសនៅកម្ពុជា ច្រើនតែចេញពីស្រទាប់យុវជនភាគច្រើនដូចគ្នា ដូច្នេះការធ្វើបាតុកម្មទាំងនោះ មិនមែនជាការល្អ សម្រាប់ប្រទេសជាតិនោះទេ គឺច្រើនតែអ្នកនយោបាយ ពិសេសបក្សប្រឆាំង ជាអ្នកញុះញុងនៅពីក្រោយរហូតមក។ សូមកុំធ្វើដូចប្រទេសនានា ដែលចង់ផ្លាស់ប្តូរមេដឹកនាំ ទីបំផុតរលាយ វេទនាប្រជាពលរដ្ឋមានអ្នកណាទទួលខុសត្រូវឡើយ នេះជាបទពិសោធន៍អាក្រក់ នៅលើកពិភពលោក ដែលកូនគួរចងចាំ និងជៀសវាងឲ្យបាន។

លោកបណ្ឌិត ពេជ សោភ័ណ បន្តថា ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥នេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ដល់ជួរថ្នាក់នាំទាំងអស់ថា អាណត្តិថ្មីនេះ គឺជាការកែទម្រង់ស៊ីជម្រៅ ឲ្យថ្នាក់ដឹកនាំទាំងអស់ មុជទឹក ដុះក្អែល ឆ្លុះកញ្ចក់ ហើយពេលនេះ ដល់ដំណាក់កាលព្យាបាលហើយ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំ រហូតមន្រ្តីរាជការក្រោមឱវាទទាំងអស់ ត្រូវធ្វើការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អ៕