(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអត្តសញ្ញាណមនុស្សចំនួន១៥នាក់បន្ថែមទៀត ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ជាពលករវិលត្រឡប់មកពីប្រទេសថៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
បច្ចុប្បន្នអ្នកជំងឺចំនួន៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងអ្នកជំងឺផ្សេងទៀត ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលផ្ទះសំណាក់ ឧត្តមរដ្ឋា។ ដោយឡែក អ្នកពាក់ព័ន្ធមានហានិភ័យខ្ពស់ត្រូវបានបញ្ជូនទៅតាមដានសុខភាព និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យតេជោសែនសំរោង។
សូមជម្រាបថា មកទល់ពេលនេះ ខេត្តឧត្ដរមានជ័យ មានអ្នកជំងឺកូវីដ១៩ ចំនួន៧៧នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន៧៥នាក់ និងករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន២នាក់។ ព្យាបាលជាសះស្បើយចំនួន២២នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥៥នាក់៕