(ភ្នំពេញ)៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ សាប្រ៊ីណា (Sabrina Cambodia Garment Manufacturing Corp) បានបើកសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការហើយ នូវបណ្ណាល័យមណ្ឌលធនធានរបស់ខ្លួននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៦ ក្រោមវត្តមានរបស់ដៃគូសហការ ថ្នាក់ដឹកនាំអង្គការស៊ីប៉ា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមនារី អង្គការ Care និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ពិធីនេះក៏បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវបណ្ណាល័យមណ្ឌលធនធានមួយទៀត នៅក្នុងរោងចក្រ Top Summit Garment Inc ហើយរោងចក្រទាំងពីរនេះ ជារោងចក្ររបស់ក្រុមហ៊ុនតៃវ៉ាន់តែមួយ ដែលផ្គត់ផ្គង់ទៅឲ្យម៉ាក Nike ។ ការបង្កើតឲ្យមានបណ្ណាល័យមណ្ឌលធនធាន សម្រាប់កម្មករនេះ ធ្វើឡើងនៅក្នុងក្របខ័ណ្ឌគម្រោង «អភិវឌ្ឍផ្នែកអប់រំ និងសង្គមដល់កម្មករ-និយោជិត នៃវិស័យកាត់ដេរ នៅកម្ពុជាតាមរយៈបណ្ណាល័យមណ្ឌលធនធាន» ដែលដឹកនាំគម្រោងដោយអង្គការស៊ីប៉ា ក្រោមជំនួយហិរញ្ញវត្ថុ ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ (AFD) និងមូលនិធិ Weave Our Future របស់ក្រុមហ៊ុន Auchan Retail ដែលជាក្រុមហ៊ុនផ្សារទំនើបលំដាប់ទី ១០នៅលើពិភពលោក ដែលបានចូលរួម ក្នុងគម្រោងនេះ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥មកម្ល៉េះ។
បច្ចុប្បន្ននេះ មានបណ្ណាល័យមណ្ឌលធនធានចំនួន០៦ ក្នុងនោះ១- ស្ថិតនៅខេត្តសៀមរាប ដែលកំពុងដំណើរការពេញលេញ ជាបណ្ណាល័យមណ្ឌលធនធាន និងបើកបម្រើដល់កម្មករ និងនិយោជិតជាមធ្យមចំនួន ១១៣៧២ នាក់ ។ ជាមួយនឹងការបើកដំណើរការ នៃបណ្ណាល័យមណ្ឌលធនធានពីរនាពេលនេះ ចំនួនអ្នកទទួលផលអាចកើនឡើងដល់ជិត ២ម៉ឺននាក់។
គម្រោងនេះ មានគោលដៅបង្កើតឲ្យមានបណ្ណាល័យមណ្ឌលធនធានសរុបចំនួន១៨ រហូតដល់ខែមិថុនា ឆ្នាំ២០១៨ ដើម្បីបង្កើតឲ្យមានជាបណ្ដាញមណ្ឌលធនធានរឹងមាំ ដើម្បីពង្រីកគម្រោងបន្ថែមនៅពេលអនាគត ។ អង្គការស៊ីប៉ា និង GMAC នឹងចាប់ផ្ដើមជ្រើសរើសរោងចក្រចំនួន ០៨ថែមទៀត នៅក្នុងត្រីមាសទី២ ឆ្នាំ២០១៦នេះ ។
គួរបញ្ជាក់ថា អង្គការស៊ីប៉ា បានចាប់ផ្ដើមគម្រោងសាកល្បង នៃបណ្ណាល័យមណ្ឌលធនធាននេះ នៅក្នុងរោងចក្រកាត់ដេរបី គឺ Dewhirst, Suntex និង Pactics៕