(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ រួមមាន លោក ហ៊ុន ម៉ានី និងលោក សំ រិទ្ធី អមដំណើរដោយគណៈអភិបាលខេត្ត និងក្រុមការងារពាក់ព័ន្ធ បានចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលរបស់ខេត្តកំពង់ស្ពឺ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឆ្លៀតឱកាសជួបប្រជុំស្តាប់ពីវឌ្ឍនភាពនការងារគ្រប់គ្រងស្ថានការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តជាមួយគណៈអភិបាល និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
យោងតាមរបាយការណ៍ពីស្ថានភាពការឆ្លងរាលដាល និងបញ្ហាប្រឈម អភិបាលខេត្ត លោក វ៉ី សំណាង បានលើកឡើងថា ដោយសារតួលេខការឆ្លងរបស់ខេត្ត មានការហក់ឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានធ្វើយើងអាចជួបប្រទះបញ្ហាប្រឈមធំៗ២ គឺកង្វះខាតធនធានគ្រូពេទ្យ និងសម្ភារៈបច្ចេកទេសមួយចំនួន។
ដើម្បីត្រៀមលក្ខណៈទុកជាមុនពីចម្ងាយ ខេត្តបានរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល ដែលមានសមត្ថភាពផ្ទុកអ្នកជំងឺបានប្រមាណ ២,០០០គ្រែបន្ថែម ស្ថិតក្នុងស្រុកសំរោងទង បន្ថែមពីលើមណ្ឌលព្យាបាលសព្វថ្ងៃ ដែលមានចំនួន ១១ទីតាំង ដែលអាចផ្ទុកអ្នកជំងឺបាន ៣,៣៣៩គ្រែ/ប៉ៅអី។
ក្រោយពីបានស្តាប់របាយការណ៍ពីស្ថានភាពទូទៅ និងបញ្ហាប្រឈមរួចមក ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ អ្នកតំណាងរាស្រ្តរូបនេះ បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ មន្រ្តីសុខាភិបាល អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងយុវជនស្ម័គ្រចិត្តរបស់ ស.ស.យ.ក. ដែលបានសស្រាក់សស្រាំ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ជាពិសេសអ្នកដែលបានឆ្លងជំងឺកូវីដ ១៩ និងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល សំដៅធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមានូវខ្សែចម្លងឲ្យបានកាន់តែលឿន។
ជាងនេះទៅទៀត លោកក៏សូមអបអរសាទរ និងថ្លែងអំណរគុណចំពោះការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការគោរពតាមវិធានការណែនាំដែលរាជរដ្ឋាភិបាល ក្រសួង ក៏ដូចជារដ្ឋបាលខេត្តបានដាក់ចេញកន្លងមក បានយ៉ាងខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ស្ពឺ គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងសរុបដល់១,៤៨៣នាក់ ក្នុងនោះ បានជាសះស្បើយ៣៦៩នាក់ និងស្លាប់២១នាក់។ ខេត្តកំពង់ស្ពឺ ស្ថិតក្នុងចំណោម រាជធានី-ខេត្ត ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ ដែលរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ៕