(ភ្នំពេញ)៖ លោក ឌិន សុមេធារិទ្ធ អ្នកជំនួញដ៏ល្បីឈ្មោះ និងជាស្ថាបនិកភូមិផ្កាត្រកួន បានណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ថា មុននឹងបើកអាជីវកម្មគួរមានជំនាញ៤នេះ ក្នុងដៃជាមុនសិន ព្រោះជំនាញទាំង៤នេះនឹងជួយឲ្យការបើកអាជីវកម្ម ទទួលបានជោគជ័យ។
លោក ឌិន សុមេធារិទ្ធ បានថ្លែងថា ដើម្បីបើកអាជីវកម្មទទួលបានជោគជ័យ មិនថាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ឬស្ថានភាពធម្មតានោះឡើយត្រូវមាន៖
១៖ គំនិតអាជីវកម្មល្អ
២៖ ត្រូវចេះពីសហគ្រិនភាព ដោយចំនុចនេះសំដៅលើ ការចេះប្រើប្រាស់ធនធានរបស់អ្នកដទៃ ត្រូវចេះប្រើជំនាញរបស់អ្នកដទៃ ត្រូវចេះប្រើប្រាស់ពេលវេលារបស់អ្នកដទៃជាដើម។ ត្រូវចេះភាពជាសហគ្រិន សំដៅលើមានភាពក្លាហាន, ត្រូវមានគំនិតស្រមោលស្រមៃ, ច្នៃប្រឌិតខ្ពស់ជាដើម។
៣៖ ត្រូវចេះជំនាញគ្រប់គ្រង៖ សំដៅលើការគ្រប់គ្រងប្រតិបត្តិការ, គ្រប់គ្រងទីផ្សារ, គ្រប់គ្រងការលក់ គ្រប់គ្រងហិរញ្ញវត្ថុជាដើម។
៤៖ ត្រូវចេះប្រើឌីជីថល បច្ចេកវិទ្យាផ្សេងៗ ចំណុចនេះសំខាន់ និងជួយដល់អាជីវកម្មច្រើន ជាក់ស្ដែងដូចស្ថិត ក្នុងបរិបទជំងឺកូវីដ១៩នេះ ទោះបីមានការបិទខ្ទប់ ក៏អាជីកម្មអាចដំណើរការបានតាមប្រព័ន្ធឌីជីថលនេះ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក ឌិន សុមេធារិទ្ធ បានថ្លែងបញ្ជាក់ទៀតថា «ជាងមួយឆ្នាំនេះពោលគឺឆ្នាំ២០២០ និងឆ្នាំ២០២១នេះ ពិភពលោក និងកម្ពុជាទទួលរងការវាយប្រហារ ពីជំងឺកូវីដ១៩ដែលបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងអាជីវកម្មជាច្រើន ក្នុងនោះអាជីវកម្មក្នុងប្រទេសកម្ពុជា ក៏រងផលប៉ះពាល់ជាច្រើន។ និយាយពីការបើកអាជី វកម្ម សម្រាប់ឆ្នាំ២០២១នេះ តាមគំនិតរបស់ខ្ញុំអ្នកដែលមានបំណង បើកអាជីវកម្មនៅតែបើកបាន ប៉ុន្ដែត្រូវពិចារណាលើអាជីវកម្មដែលបម្រុងនឹងបើកនេះជាមុនសិនថា តើប្រឈមនឹងស្ថានភាពជាក់ ឬអត់? ត្រូវមានដំណោះស្រាយជាមុន នៅពេលដែលមានបញ្ហាប្រឈមជាច្រើននោះ»។
លោកបញ្ជាក់ថា ការបើកអាជីវកម្មនោះត្រូវដឹងពីស្ថានភាពជាក់ស្ដែង ដូចជាអំឡុងពេលនេះ អ្នកមិនអាចបើកខារ៉ាអូខេ ឬកន្លែងផាក ឬក្លឹប និងកន្លែងម៉ាហ្សាជាដើម ព្រោះខុសនឹងបម្រាបដែលមិនឲ្យជួបជុំ របស់ក្រសួងសុខាភិបាល។ ប៉ុន្ដែអាជីវកម្មមួយចំនួន អាចបើកដំណើរការបានដែលដូចជា ភោគជនីយដ្ឋានជាដើម ទោះបីស្ថិតក្នុងស្ថានភាពរឹតត្បិត នៃការជួបជុំក្ដី តែនៅតែបើកបានដដែល លើសពីនេះអាជីវកម្មមួយនេះ ក៏អាចដំណើរការលើប្រព័ន្ធអនឡាញបាន ដោយដឹកជញ្ជូនដល់អតិថិជនដល់ទីកន្លែង។
លោកបញ្ជាក់ថា «មិនថាអាជីវកម្មណានោះឡើយ ម្ចាស់អាជីវកម្មត្រូវពិចារណាឲ្យល្អិតល្អន់ ដោយបើកដំណើរការដោយភាពឆ្លាតវៃ និងប្រុងប្រយ័ត្នជាប់ជានិច្ច»៕