
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះបើកផ្សារត្រី ភូមិប៉ាលីលេយ្យ១ និង២ទីតាំងទៀត នៅក្រុងប៉ោយប៉ែត ក្រោយស្ថានភាពកូវីដធូរស្រាល
06-06-2021 08:59
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះ ចុះបើកទីតាំងចំនួន៣កន្លែង ឱ្យដំណើរការចេញចូលជាធម្មតាវិញ ក្រោយបិទខ្ទប់បណ្ដោះអាសន្ន ដោយសារជំងឺកូវីដ១៩។
ការបញ្ចប់ការបិទខ្ទប់ទីតាំងចំនួន០៣នោះ រួមមាន៖
១៖ ផ្សារត្រី ភូមិប៉ាលីលេយ្យ១
២៖ បុរីធីធី ភូមិអូរជ្រៅ
៣៖ ភូមិសាស្រ្តមួយចំនួន ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ការចុះបើកដំណើរការទីតាំងទាំងនេះឡើងវិញ ធ្វើឡើងដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ បោន សីហា អធិការស្ដីទីក្រុងប៉ោយប៉ែត។
នៅក្នុងឱកាសនោះ លោក ង៉ោ ម៉េងជ្រួន និងលោក គាត ហ៊ុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងសមត្ថកិច្ច គ្រប់អង្គភាព ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយាមកាម បិទខ្ទប់ ២៤ម៉ោងលើ២៤ម៉ោង តាមគោលដៅ ដែលបានគ្រប់គ្រង ទោះមានភ្លៀងខ្យល់ យប់ព្រលប់យ៉ាងណា ក៏នៅតែបន្តភារកិច្ចខ្លួនបានល្អប្រសើរ៕