(កណ្ដាល)៖ ដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងកំឡុងដែលប្រទេសកម្ពុជាជួបប្រទះនូវជំងឺកូវីដ-១៩ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅផ្តល់ជូនរដ្ឋបាលស្រុកកណ្តាលស្ទឹង សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រខ្វះខាត និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ស្ថិតនៅមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលស្រុកកណ្តាលស្ទឹង ជាពិសេសជូនប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹងទាំងអស់ ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។
លោកបានបញ្ជាក់ថា ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់មួយចំនួននៅតែប្រឈមខ្លាំងដដែល ហើយការសម្រេចបញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថា ជំងឺកូវវីដ១៩ លែងមាននោះទេ ដូច្នេះសូមអាជ្ញាធរស្រុកកណ្តាលស្ទឹង និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បន្តអត់ធ្មត់ កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឲ្យសោះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ព្រមទាំងអនុវត្តឲ្យបាន តាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារអាយុជីវិតយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។
លោក ម៉ម ប៊ុននាង បានបន្ថែមថា ក្នុងដំណាក់កាលនេះមានតែកិច្ចសហការ និងការចូលរួមរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទេ ទើបអាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះ ពិសេសអាជ្ញាធរត្រូវអនុវត្តការងាររបស់ខ្លួនដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីសុខមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងនោះដែរ មិនត្រូវជឿតាមការញុះញង់របស់ជនអគតិមួយចំនួន ដូចនេះប្រជាពលរដ្ឋដែលដល់វេនទទួលការចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យគ្រប់ៗគ្នា និងសូមឲ្យមានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចការនឿយហត់ដើម្បីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។
អំណោយដែលលោក ម៉ម ប៊ុននាង បានប្រគល់ជូនរដ្ឋបាលស្រុកកណ្តាលស្ទឹង ពេលនេះ រួមមាន៖ ថវិកា១២លានរៀល, មី២០០កេស, ទឹកសុទ្ធ១០០កេស, ម៉ាស់០៥កេសធំ និងឃីតចំនួន១០០ឃីត ដោយក្នុង០១ឃីតៗ រួមមាន៖ ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អំបិល០២គីឡូក្រាម ស្ករស០១គីឡូក្រាម ប៊ីចេង០១កញ្ចប់ ម៉ាស់០១ប្រអប់ និងធុងជ័រធំ០១ធុង។
នៅព្រឹកថ្ងៃដដែលនោះ លោក ម៉ម ប៊ុននាង បានបន្តនាំយកអំណោយទៅផ្តល់ជូនក្រុមប្រឹក្សាឃុំគោកត្រប់់ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន២៥គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានថវិកា៥ម៉ឺនរៀល អង្គរ២០គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អំបិល០២គីឡូក្រាម ស្ករស០១គីឡូក្រាម ប៊ីចេង០១កញ្ចប់ ម៉ាស់០១ប្រអប់ និងធុងជ័រធំ០១ធុង៕