(បន្ទាយមានជ័យ)៖ សមត្ថកិច្ចថៃបានបន្តចាប់ពលករខ្មែរ ដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ១៧នាក់ ក្នុងទឹកដីស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។ ការចាប់បញ្ជូនខាងលើ បានធ្វើឡើងវេលាម៉ោង០៣៖១៤នាទីទៀបភ្លឺ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។

សមត្ថកិច្ចថៃបានឲ្យដឹងថា ពលករខ្មែរ ១៧នាក់ ក្នុងនោះប្រុស ៩នាក់ និងស្រី៨នាក់ បានលួចឆ្លងដែនចូលទៅថៃនៅម្តុំបរិវេណ បង្គោលឡាក់ 48 PTA 6037442955 ភូមិខៅលូកឆាង ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។

ក្រោយពីការសួរនាំ ពលករខ្មែរទាំង ១៧នាក់ខាងលើ ត្រូវបានធ្វើកំណត់ហេតុចាប់ឃុំ និងបញ្ជូនឲ្យត្រឡប់មកមាតុប្រទេសវិញ តាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕